សេចក្តីជូនដំណឹងដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេស ចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាន សូមជម្រាបជូន ក្រុមហ៊ុន ពាណិជ្ជករ សមាគម ដឹកជញ្ជូនទំនិញចេញ-នាំចូល និងសាធារណជន ឲ្យបានជ្រាបថា នាពេលបច្ចុប្បន្ន ដោយប្រឈមនឹងស្ថានភាពដ៏ស្រួចស្រាវនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី “អូមីក្រុង” ដែលមានហានិភ័យខ្ពស់ បណ្ដាប្រទេសក្នុងតំបន់និងសកលលោកបានចាប់ផ្ដើមដាក់នូវវិធានការរឹតបន្តឹងផ្នែកសុខាភិបាល និងរឹតត្បិតការធ្វើដំណើរចេញ-ចូលនិងឆ្លងកាត់ សំដៅបង្ការ និងទប់ស្កាត់ការីករាលដាលជាយថាហេតុ។

យោងតាមសេចក្ដីជូនដំណឹងនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឲ្យដឹងថា សកម្មភាពនាំចូល និងនាំចេញនៅច្រកព្រំដែនវៀតណាម និងចិនបានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេសនៅច្រកទ្វារព្រំដែនខេត្ត Lang Son និងខេត្ត Quang Ninh ដែលបណ្ដាលជាចម្បងមកពីការរឹតបន្តឹងវិធានការបង្ការការរីករាលដាលជំងឺកូវីដ-១៩ របស់ប្រទេសចិនក្រោមគោលនយោបាយ “Zero Covid” ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តទាំងពីរខាងលើ មានរថយន្តប្រមាណជាង ៦០០០គ្រឿង កំពុងរង់ចាំការនាំចេញទៅកាន់ប្រទេសចិន។ តាមការវាយតម្លៃជារួមឃើញថា បរិមាណទំនិញដែលអាចនាំចេញបាននៅតាមព្រំដែនសំខាន់ៗមួយចំនួនជាមួយប្រទេសចិនមានចំនួនត្រឹមតែ ២៥-៣០% ប៉ណ្ណោះ បើប្រៀបធៀបទៅនឹងលក្ខខណ្ឌនាំចេញធម្មតា។ លើសពីនេះ ច្រកទ្វារព្រំដែនមួយចំនួនទៀតនៅតែបន្តផ្អាកដំណើរការគយជាបណ្ដោះអាសន្ន រហូតដល់សេចក្ដីជូនដំណឹងជាថ្មី ៕
ខាងក្រោមជាសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ ក្រសួងពាណិជ្ជកម្ម ៖
