ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានគ.វ.ក១៩៖ មិនមានករណីមរណភាពដោយសារវីរុសបំប្លែងថ្មីអូមីក្រុងនោះទេ ហើយស្ថានភាពរបស់អ្នកជំងឺមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ

    BY Khmernote Media January 4, 2022
    ប្រធានគ.វ.ក១៩៖ មិនមានករណីមរណភាពដោយសារវីរុសបំប្លែងថ្មីអូមីក្រុងនោះទេ ហើយស្ថានភាពរបស់អ្នកជំងឺមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ករណីវីរុសបំប្លែងថ្មី អូមីក្រុង ដែលបាននិងកំពុងនាំចូលមកកម្ពុជាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ពិតមែនតែជាវីរុសបំប្លែងថ្មីដែលមានសមត្ថភាពឆ្លងរហ័ស គិតមកទល់ថ្ងៃនេះ មិនមានករណីមរណភាពដោយសារវីរុសបំប្លែងថ្មី អូមីក្រុង នៅកម្ពុជានោះទេ ហើយស្ថានភាពរបស់អ្នកជំងឺក៏មិនមានអ្វីគួរឱ្យកត់សម្គាល់នោះដែរ នេះបើតាមការឱ្យដឹងពី លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។

    លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ករណីអូមីក្រុងនៅកម្ពុជា គិតមកត្រឹមថ្ងៃនេះ មានចំនួនសរុប ៧៥ករណី ហើយក៏មានការព្យាបាលបានជាសះស្បើយជាបន្តបន្ទាប់ផងដែរ។

    ពាក់ព័ន្ធនឹងករណីអ្នកដែលក្រុមគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ចំនួន ៧ម៉ឺននាក់ ដោយមូលហេតុផ្សេងៗនោះ លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា៖ “នៅពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងកាលពីពេលកន្លងមក មានការរាយការណ៍ពីទីតាំងចាក់វ៉ាក់សាំងថា មានបុគ្គលមួយចំនួនដែលមានបញ្ហាសុខភាព ហើយដែលពេលនោះក្រុមគ្រូពេទ្យពុំទាន់អនុញ្ញាតឱ្យចាក់ ប៉ុន្តែនៅពេលបន្តបន្ទាប់មកទៀត បងប្អូនប្រជាពលរដ្ឋទាំងនោះមួយចំនួនធំលើសលប់ បានវិលត្រលប់មកចាក់វ៉ាក់សាំងវិញ ហើយមានតិចតួចប៉ុណ្ណោះ ដែលគ.វ.ក១៩ បាននិងកំពុងជំរុញពួកគាត់ឱ្យមកទទួលវ៉ាក់សាំងឡើងវិញ។ ដោយសារតែពួកគាត់វិលត្រលប់នេះហើយ ទើបតួលេខនៃការចាក់វ៉ាក់សាំងក្នុងចំណោម ១០លាននាក់នេះ បានបន្តកើនឡើងជាបន្តបន្ទាប់លើសពីគោលដៅដែលបានកំណត់”។

    លោកជំទាវ បានបន្ថែមថា តួលេខនេះតាមពិតគឺត្រូវទូទាត់មុនដំណាច់ឆ្នាំ២០២១ ប៉ុន្តែដោយគ.វ.ក១៩ យល់ឃើញថានឹងទូទាត់នៅដើមឆ្នាំ២០២២នេះវិញ ទើបតួលេខនេះពុំទាន់បានដកចេញ ហើយនៅពេលនេះ គ.វ.ក១៩ បានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីរួចហើយ នៅក្នុងករណីនេះ។

    ដោយឡែកចំពោះការចាក់ដូសទី៤វិញ លោកជំទាវ បានបញ្ជាក់ដោយខ្លីថា៖ “គណៈប្រចាំការ នឹងប្រជុំគ្នាអំពីបញ្ហានេះនៅថ្ងៃស្អែក ហើយនឹងធ្វើរបាយការណ៍គោរពជូនសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល សម្រេចដ៏ខ្ពង់ខ្ពស់ សម្រាក់ការចាក់ដូសទី៤នេះ”។

    សូមរម្លឹកថា គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២២នេះ ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អ្នកចាក់ដូសទី១ បានចំនួន ១០ ១៥១ ១៤៣នាក់ ដែលស្មើនឹង ១០១.៥១% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សម្រេចចាក់បាន ១ ៨១១ ២៨០នាក់ ដែលស្មើនឹង ៩៩.១២% នៃក្រុមគោលដៅសរុបជាង ១លាន៨សែននាក់។ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំវិញ សម្រេចចាក់បាន ១ ៩៩៦ ៥៧៨នាក់ ដែលស្មើនឹង ១០៥.២៣% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់ ហើយចំពោះក្រុមកុមារអាយុ៥ឆ្នាំវិញ សម្រេចចាក់បាន ៣០៣ ៩៥៨នាក់ នៃក្រុមគោលដៅសរុបជាង៣០ម៉ឺននាក់ ហើយបើប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ នៅទូទាំងប្រទេស ស្មើនឹង ៨៩.១៤% ដែលជាតួលេខដ៏គួរឱ្យមានមោទកភាពសម្រាប់កម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: