ទោះជាប្រឈមមុខនិងគ្រោះថ្នាក់ខ្លះៗដោយសារតោងឡើងទៅលើកំពូលខ្ពស់ៗ នៃប្រាសាទ ដើម្បីកាត់សម្អាតរុក្ខជាតិ តែក្រុមការងារនៅតែខិតខំធ្វើចៀសវាងរុក្ខជាតិទាំងនោះបង្កហានិភ័យដល់ប្រាសាទ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទក្នុងតំបន់អង្គរ តែងតែចុះកាត់សម្អាតរុក្ខជាតិតូចធំជាប្រចាំថ្ងៃ ទៅតាមផែនការគ្រោងទុកប្រចាំខែ ដែលបានរៀបចំឡើងតាមស្ថានភាពជាក់ស្តែង។

លោក ងិន ធី អ្នកគ្រប់គ្រងក្រុមការងារកាត់សម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីថ្ងៃ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ថា ក្នុងចំណោមរុក្ខជាតិទាំងអស់ ដែលដុះនៅលើប្រាសាទ មានរុក្ខជាតិប្រភេទធំៗមួយចំនួន ដូចជា ដើមពោធិ៍ ជ្រៃ ស្ពង់ ដុះជាប់ជាប្រចាំមិនថា រដូវប្រាំង ឬវស្សាឡើយ ហើយរុក្ខជាតិទាំងនោះ ងាយនឹងដុះលូតលាស់លឿន ដែលធ្វើឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ ក្នុងការកាត់សម្អាតជាប្រចាំ ។ ពោលគឺក្នុងរយៈពេល១ខែកន្លះ ឬ២ខែ ត្រូវមកកាត់សម្អាតម្តង មិនដូចរុក្ខជាតិប្រភេទស្មៅឡើយ។ ការធ្វើបែបនេះ ដើម្បីលើកកម្ពស់អនាម័យសោភ័ណភាព របស់ប្រាសាទ និងចៀសវាងធ្វើឱ្យថ្មប្រាសាទក្រៀកឬរលុះ នៅពេលរុក្ខជាតិដុះកាន់តែធំ។
លោកបានពន្យល់ថា មូលហេតុដែលនាំឱ្យរុក្ខជាតិទាំងនោះ មកដុះនៅលើប្រាសាទបាន ដោយសារកត្តាខ្យល់បក់នាំគ្រាប់មកទើរលើល្បាក់ថ្ម និងសត្វស្លាបតែងតែពាំគ្រាប់រុក្ខជាតិ មកធ្វើជាចំណីអាហារជាប្រចាំ។
លោកបន្តទៀតថា កិច្ចការទាំងអស់នេះ ក្រុមការងារតែងតែយកចិត្តទុកដាក់សម្អាតជាប្រចាំ ដោយបែងចែកជាក្រុមគោលដៅ និងមានកម្លាំងកម្មករ ជាង៣០នាក់ សម្រាប់ធ្វើការសម្អាត មិនទុកឱ្យដុះស្ដុកច្រើនឡើយ។
លោក ឈឿម ទ្រី ក្នុងនាមបុគ្គលិកផ្នែកសម្អាតរុក្ខជាតិតាមប្រាសាទមួយរូប បានឱ្យដឹងថា ផ្តើមចេញពីទឹកចិត្តស្រឡាញ់ ចង់ថែរក្សាប្រាសាទបុរាណ ដែលបន្សល់ដោយបុព្វបុរស និងចង់ឱ្យប្រាសាទនៅតែមានសោភ័ណភាពស្រស់ស្អាត ដើម្បីឱ្យភ្ញៀវទេសចរគ្រប់រូបបានឃើញផងនោះ លោកតាំងចិត្តជាខ្លាំង ក្នុងការកាត់សម្អាតរុក្ខជាតិទាំងតូចធំ ដែលដុះនៅលើប្រាសាទទាំងអស់ក្នុងឧទ្យានអង្គរ។ លោកបន្តថា ក្នុងបទពិសោធន៍ការងារ រយៈពេលប្រមាណជាង២០ឆ្នាំមកនេះ ទោះបីដឹងថា ត្រូវប្រឈមមុខ និងគ្រោះថ្នាក់ខ្លះៗ ដោយសារតោងឡើងទៅលើកំពូលខ្ពស់ៗ នៃប្រាសាទ ដើម្បីកាត់សម្អាតរុក្ខជាតិ តែលោកប្តេជ្ញាចិត្ត នៅតែបន្តការងារនេះ ដើម្បីភាពស្រស់ស្អាតនៃប្រាំងប្រាសាទបុរាណក្នុងតំបន់អង្គរ៕





ប្រភព៖ ក្រសួងព័ត៌មាន