ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសសម្រាប់អ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង មិនអនុញ្ញាតឲ្យមានការព្យាបាលនៅតាមផ្ទះជាដាច់ខាត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល ស្ដីពីករណីអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាឲ្យស្នាក់នៅ ថែទាំ និងព្យាបាលនៅតាមផ្ទះឡើយ។

លោកជំទាវ ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ជ្រាបថា ករណីជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានរកឃើញថាជាករណីនាំចូលមកពីបរទេស និងភាគច្រើនជាអ្នកដំណើរមកពីបរទេសតាមផ្លូវអាកាស។
ទោះបីជាពុំមានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្ដាលឲ្យមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវាមានលទ្ធភាពឆ្លងលឿន។ ដូច្នេះ ដើម្បីបង្ការ និងទប់ស្កាត់ជាអតិបរមានូវការឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឲ្យបានព្យាបាលនៅតាមផ្ទះឡើយ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងទាំងអស់ត្រូវតែស្នាក់នៅ ថែទាំ និងព្យាបាល នៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ដោយក្រសួងសុខាភិបាល ឬដោយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ៕
