ក្រសួងសាធារណការស្នើទៅកម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ (UNDP) ឱ្យជួយបង្កើតស្ថានីយសាកថ្មចំនួនប្រាំទីតាំង ចំពោះយុទ្ធសាស្ត្រយានយន្តអគ្គិសនី
ព័ត៌មានជាតិ January 6, 2022 srey nuch

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ចំពោះយុទ្ធសាស្ត្រយានយន្តអគ្គិសនី ក្រសួងបានស្នើទៅកម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ (UNDP) ឱ្យជួយបង្កើតស្ថានីយសាកថ្មចំនួនប្រាំទីតាំង ដែលក្នុងនោះទីតាំងទី១ស្ថិតនៅទីស្តីការក្រសួង និងទីតាំង៤កន្លែងទៀតស្ថិតនៅតាមបណ្ដារាជធានី-ខេត្តនានា ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងបានស្វែងរកថវិកាទិញរថយន្តដើរដោយថាមពលអគ្គិសនីចំនួនពីរគ្រឿង ដើម្បីជាការនាំមុខ និងជាការបង្ហាញថា ក្រសួងកំពុងប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនី។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង កាលពីថ្ងៃ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីប្រសិទ្ធភាព នៃប្រព័ន្ធដកពិន្ទុ និងបំពេញពិន្ទុឡើងវិញលើប័ណ្ណបើកបរ និងបានសម្តែងការកោតសរសើរចំពោះក្រុមការងារព័ត៌មានវិទ្យារបស់ក្រសួង និងក្រុមការងារព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងសហការល្អ ក្នុងការតភ្ជាប់ប្រព័ន្ធរវាងក្រសួងទាំងពីរដោយជោគជ័យ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ប្រព័ន្ធនេះត្រូវបានធ្វើបទបង្ហាញគោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួចហើយ ដោយក្នុងនោះសម្តេចបានផ្តល់ការគាំទ្រ និងជំរុញបន្ថែមទៀតលើការអនុវត្តការងារនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងកំពុងពិភាក្សាជាមួយអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីជំរុញយន្តការនៃការប្រើប្រាស់ប្រព័ន្ធតេឡេក្រាម ឱ្យមានលក្ខណៈអាចដំណើរការបានដោយនិរន្តរភាព និងមានភាពចាស់ទុំ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងកំពុងពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលកម្មវិធី (App) និងយន្តការបច្ចេកវិទ្យាស្វ័យប្រវត្តិមួយចំនួន ដើម្បីធ្វើឱ្យការគ្រប់គ្រង បញ្ជូន និងទទួលទិន្នន័យសម្រាប់មន្ត្រី និងនគរបាលពាក់ព័ន្ធកាន់តែមានភាពងាយស្រួល ងាយស្រួលគ្រប់គ្រង និងមានទិន្នន័យសម្រាប់បង្កើតជាផែនការយុទ្ធសាស្ត្រ។

ចំពោះការងារត្រៀមរៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២របស់ក្រសួង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២២ខាងមុខនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូលបានសម្រេចឯកភាពជ្រើសរើសយកប្រធានបទក្រោម ចំណងជើងថា “ ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ និងថែទាំផ្លូវឱ្យមានគុណភាព ផ្ដោតលើបច្ចេកវិទ្យាទំនើប ” ។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការងារត្រៀមរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលបានបញ្ចប់ការស្ថាបនានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់ការស្ថាបនាទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការនាំយកនិស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចុះទៅមើលការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដោយផ្ទាល់ ដើម្បីឈ្វេងយល់ និងដកស្រង់បទពិសោធន៍ការងារជាក់ស្តែង ៕

ប្រភព៖ ក្រសួងព័ត៌មាន