ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត

    BY Khmernote Media January 6, 2022
    អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ឬហៅថា «បាកាណ» ដើម្បីពង្រឹងតួប្រាង្គឱ្យរឹងមាំឡើងវិញ។

    លោក ហួន សុខជាតិ វិស្វករ និងជាមន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុង ឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាង្គបាកាណមានការរំកិលថ្មចេញពីទីតាំងដើមខ្លះៗតាមចំណុចជ្រុង។ ការរំកិលថ្មនេះគឺដោយសារកត្តាធម្មជាតិ ដូចជាទឹកភ្លៀងបានហូរច្រោះកម្ទេចដី និងថ្មតូចៗចូលក្នុងចន្លោះថ្ម ឫសរុក្ខជាតិដុះហែក រួមទាំងអាយុកាល នៃប្រាសាទជាហេតុធ្វើឱ្យថ្មបាយក្រៀមនៅផ្នែកខាងក្នុងតួប្រាង្គពុកផុយ បណ្ដាលឱ្យទម្ងន់ទាំងស្រុងសង្កត់មកលើថ្មភក់ស្រទាប់ខាងក្រៅបាក់បែក និងរំកិលចេញ។

    លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាង្គបាកាណ ឱ្យដឹងថា ក្រុមការងារបានជួសជុលនៅជ្រុងនិរតីតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែមីនាឬខែមេសា ឆ្នាំ២០២២ខាងមុខ។ ការជួសជុលនេះធ្វើឡើងស្របនឹងធម្មនុញ្ញអង្គរ និងមានការត្រួតពិនិត្យបច្ចេកទេសយ៉ាងហ្មត់ចត់បំផុត។ ប្រាង្គបាកាណនេះ ធ្លាប់ទទួលបានការជួសជុលម្ដងមកហើយកាលពីអំឡុងទសវត្សឆ្នាំ១៩៣០៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: