ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ ណែនាំពីការប្រើប្រាស់កម្មវិធីតេឡេក្រាម “សុវត្ថិភាពចរាចរណ៍យើង” ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍

    BY Khmernote Media January 8, 2022
    ក្រសួងសាធារណការ ណែនាំពីការប្រើប្រាស់កម្មវិធីតេឡេក្រាម “សុវត្ថិភាពចរាចរណ៍យើង” ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំស្តីពីការប្រើប្រាស់កម្មវិធីតេឡេក្រាម ” សុវត្ថិភាពចរាចរណ៍យើង ” ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធិបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្កើតគ្រុបតេឡេក្រាម(Telegram Gorup) ឈ្មោះ “សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY” ជូនសាធារណជនគ្រប់រូបប្រើប្រាស់ដោយសេរី។

    ដើម្បីផ្ដល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ បន្ថែមលើបណ្ដាញសង្គម កម្មវិធីផ្ដល់ព័ត៌មាននានាដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកំពុងទំនាក់ទំនងជាមួយសាធារណជន សំដៅបង្ការទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ និងបង្ការទប់ស្កាត់អំពីល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមាននៅលើផ្លូវថ្នល់នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ។

    ដើម្បីធានាបានការផ្ដល់ព័ត៌មានសារសំខាន់នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការណែនាំដូចតទៅ៖

    ១.សូមផ្ដល់ព័ត៌មាន ទីតាំង និងពេលវេលា នៃហេតុការណ៍ពិតប្រាកដ និងច្បាស់លាស់។
    ២.សូមផ្ដល់រូបភាព ឬវីដេអូខ្លីៗ នៃហេតុការន៍ពិតៗជាក់ស្ដែង។
    ៣​.សូមផ្ដល់ខ្លឹមសារព័ត៌មានដោយប្រកាន់ខ្ជាប់តាមក្រមសីលធម៌។
    ៤.សូមកុំផ្ដល់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលមានចរិតញុះញង់ មួលបង្កាច់ បង្ខូចកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើពាក្យពេចន៍អសុរោះ ឬរូបភាពអាសអាភាស ដែលអំពើទាំងនេះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
    ៥.សូមកុំផ្ដល់ព័ត៌មាន ដែលខុសពីព័ត៌មានស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: