ហួសចិត្ត! ខឹងឪពុកមិនព្រមចូលស្ដីដណ្តឹងប្រពន្ធឱ្យខ្លួន ក៏ដុតផ្ទះបណ្ដាលអោយឆេះខូចខាតអស់ទាំងស្រុង
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៨៖២៥ នាទីយប់ នៅចំណុចភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មានករណីគ្រោះអគ្គិភ័យភ្លើងឆេះផ្ទះចំនួន០១ខ្នង ផ្ទះទំហំ ៦ម៉ែត្រ×៧ម៉ែត្រ ធ្វើពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងក្តា តែពុំមានការខូចខាតសម្ភារៈទ្រព្យសម្បត្តិអ្វីឡើយ ព្រោះម្ចាស់ទុកផ្ទះចោលស្នាក់នៅអចិន្ត្រៃយ៍ផ្ទះចំការ។

-ជនរងគ្រោះឈ្មោះ ឃិន សុភា ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
-មូលហេតុជនបង្ករឈ្មោះ ប៊ុន ឡេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) ដោយខឹងហ្នឹងឪពុកមិនស្ដីដណ្តឹងប្រពន្ធឲ្យខ្លួន ក៏ដុតផ្ទះបណ្ដាលអោយឆេះខូចខាតទាំងស្រុង។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងច្រេស បានសហការណ៍ជាមួយកម្លាំងជំនាញពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយសង្រ្កោះពន្លត់អគ្គិភ័យ និងបានប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្តស្មើរនិង៩០០០លីត្រ តែសង្គ្រោះមិនបាន ៕



ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ