ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថឈ្មោះ Actemra Roche ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលជាបន្ទាន់

    BY Khmernote Media January 11, 2022
    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថឈ្មោះ Actemra Roche ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលជាបន្ទាន់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា បានចេញសេចក្ដីជូនព័ត៌មានស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថឈ្មោះ Actemra Roche 400mg/20ml គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

    ក្រសួងសុខាភិបាលបានឲ្យជ្រាបថា៖ តាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលឃើញមាន ឱសថឈ្មោះ Actemra Roche 400mg/20mlគ្មានលេខបញ្ជិកា កំពុងដាក់លក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្រដៀងនឹងឱសថពិត ដែលនាំចូលដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (CAMBODIA)CO.,LTD មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

    អាស្រ័យដូចបានជូនខាងលើ និងអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រង និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដូចតទៅ៖

    ១.សូមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ណែនាំដល់ឯកឧត្តម លោកជំទាវប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់គ្រឹះស្ថានលក់ឱសថទាំងអស់ឱ្យបញ្ឈប់ការលក់ ឱសថគ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត។
    ២.ភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង ត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកជនខិលខូចមកផ្ដន្ទាទោស និងប្រមូលឱសថគ្មានលេខបញ្ជិកាខាងលើ មកកំទេចចោល។
    ៣.លោក លោកស្រី-ឱសថការីដែលទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ ព្រមទាំងលោក លោកស្រីអាជីវករ ទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ និងលក់ឱសថគ្មានលេខបញ្ជិកាខាងលើ ជាបន្ទាន់។

    ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានលក់ឱសថ និងបុគ្គលិកទាំងឡាយណាដែលនៅតែបន្តចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ តាមច្បាប់ជាធរមាន ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: