ប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការរឹតបន្តឹងនិងការផាកពិន័យចំពោះប្រជាពលរដ្ឋមិនពាក់ម៉ាស់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រជាពលរដ្ឋ បានគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរឹតបន្តឹងនិងការផាកពិន័យចំពោះប្រជាពលរដ្ឋមិនពាក់ម៉ាស់ ខណៈដែលបច្ចុប្បន្ននេះប្រជាពលរដ្ឋគ្រប់គ្នាបានរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោក សុខ ចិត្រា ជាប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា ជាការពិតណាស់ ខណៈដែលជំងឺកូវីដ-១៩មានការថមថយ ហើយ មេរោគបំប្លែងថ្មីក៏ចាប់ផ្តើមរាតត្បាតចូលក្នុងសហគមន៍ទៀត នោះ គឺធ្វើឱ្យយើងនៅតែមានការព្រួយបារម្ភនៅឡើយ ដូចនេះ លោកពិតជាគាំទ្រនូវចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការរឹតបន្តឹងនិងការផាកពិន័យចំពោះប្រជាពលរដ្ឋណាដែលមិនពាក់ម៉ាស់ ព្រោះវាគឺជាវិធានការដ៏ល្អក្នុងការទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ លោកបានបន្តថា ចំពោះការពាក់ម៉ាស់គ្រប់ពេលវេលានៅពេលចេញក្រៅ ឬទៅកន្លែងណាដែលមាន មនុស្សច្រើន វាពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាផ្នែកមួយដែលអាចការពារអាយុជីវិតរបស់យើងពីការឆ្លងជម្ងឺកូវីដ-១៩ ក៏ដូចជាមេរោគបំប្លែងថ្មីអូមីក្រុង។
លោកថ្លែងថា ៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបខ្ញុំពិតជាគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរឹតបន្តឹងលើការផាកពិន័យចំពោះប្រជាពលរដ្ឋដែលមិនពាក់ម៉ាស់ នៅតាមទីសាធារណៈ ដោយសារតែការធ្វើបែបនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ ប្រជាពលរដ្ឋគ្រប់រូប បើសិនជាយើងមិនពាក់ម៉ាស់គ្រប់គ្នាទេនោះ មេរោគបំប្លែងថ្មីឬក៏មេរោគកូវីដ-១៩ នឹងនៅតែរាតត្បាតនៅក្នុងសហគមន៍ ដូចនេះយើងត្រូវតែគោរពនិងធ្វើឱ្យបាននូវការណែនាំទាំងនេះ ឱ្យបានហ្មត់ចត់ទាំងអស់គ្នា ដើម្បីរួមគ្នាកាត់ផ្តាច់ការចម្លងនូវជំងឺកូវីដ-១៩នេះ ក៏ដូចជាមេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងតែរាតត្បាតជាបន្តបន្ទាប់ក្នុងសហគមន៍។»
ចំណែកលោកស្រីឌី សុជាតា ក៏បានឱ្យដឹងដែរថា មេរោគបំប្លែងថ្មីអូមីក្រុងបានចាប់ផ្តើមរាតត្បាតក្នុងសហគមន៍ជាបន្តបន្ទាប់ លោកស្រីពិតជាមានការព្រួយបារម្ភជាខ្លាំងពីបញ្ហាអាយុជីវិតក៏ដូចជាបារម្ភខ្លាចអាចនឹងមានការបិទខ្ទប់ឡើងវិញ។ លោកស្រីបានបន្តថា បច្ចុប្បន្ននេះ លោកស្រីសម្គាល់ឃើញថាមាន ប្រជាពលរដ្ឋមួយចំនួន មានការធ្វេសប្រហែសក្នុងការមិនពាក់ម៉ាស់ការពារខ្លួន ដែលវាអាចមានហានិភ័យងាយនឹងឆ្លងជំងឺនេះបានឆាប់រហ័ស។ ជាមួយគ្នានោះ លោកស្រីក៏បានគាំទ្រចំពោះចំណាត់ការរឹតបន្តឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងការអនុវត្តន៍នូវវិធានការផាកពិន័យចំពោះបុគ្គលណា ដែលមិនពាក់ម៉ាស់នៅតាមគ្រឹះស្ថានសាធារណៈ ក្នុងន័យការពារអាយុជីវិតរបស់ពួកគាត់ ក៏ដូចជាការ កាត់ផ្តាច់ការចម្លងជម្ងឺកូវីដ-១៩ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង។
តាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញក៏បានឱ្យដឹងដែរថា គណៈបញ្ជាការដឹកនាំការអនុវត្តន៍ច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវសហការចុះត្រួតពិនិត្យ និងបង្កើនការយកចិត្តទុកដាក់ ដើម្បីពង្រឹង និងជំរុញការអនុវត្តន៍វិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីរកឃើញបុគ្គលណាមួយបានបំពានវិធានការនេ៖ ដូចជា មិនពាក់ម៉ាស់នៅតាមទីសាធារណៈ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ៕



ប្រភព៖ ក្រសួងព័ត៌មាន