តាមការសន្យា ពេលនេះ ឯកឧត្តម វ៉ី សំណាង បានទិញម៉ូតូស៊េរីឆ្នាំ ២០២២ ចំនួន ៣៣គ្រឿងរួចរាល់ សម្រាប់ត្រៀមចែកក្មួយៗប្រលងជាប់និទ្ទេស ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង បានប្រកាសជាសាធារណៈថានឹងឧបត្ថម្ភម៉ូតូចំនួន ៣៣គ្រឿង សម្រាប់ចែកសិស្សានុសិស្សដែលបានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១ ជាប់និទ្ទេសA ។ តាមការសន្យា ពេលនេះឯកឧត្តមបានប្រកាសពីការទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ និងសុំមេត្តាយោគយល់ និងអធ្យាស្រ័យដែលធ្លាប់សន្យាទិញ Zoomer X ដោយសារតែម៉ូដែលនេះគេមិនបានផលិតទៀតទេ ដោយឯកឧត្តម បានរៀបរាប់ថា៖

“ជម្រាបសួរក្មួយៗបេក្ខជនដែលទទួលបាននិទ្ទេស A របស់ខេត្តកំពង់ស្ពឺទាំងអស់ ជាទីនឹករលឹក! កាលថ្ងៃដែលក្មួយៗប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ២៧ ធ្នូ ២០២១ ពូបានប្រកាសជាឧឡារិកថា បើក្មួយណាប្រឡងបាននិទ្ទេស A ពូនឹងផ្តល់ជូននូវម៉ូតូ Zoomer X មួយគ្រឿង សម្រាប់ជាការលើកទឹកចិត្ត។ បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) ដោយចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះពូគិតថាកុំឱ្យខុសគ្នា ពូក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូនក្មួយៗវិញ សូមក្មួយៗ មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា។ សូមអរគុណ!?





