ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តជួសជុល និងកែលម្អសួនច្បារ ដើម្បីលើកសោភណភាពក្នុងរាជធានី

BY
srey nuch
January 18, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ថៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ នាឆ្នាំ២០២០ និង២០២១នេះក៏ដោយ ក៏អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តជួសជុល និងកែលម្អសួនច្បារបានចំនួនពីរក​ន្លែងទៀត ដើម្បីលើកសោភ័ណភាពក្នុងរាជធានីភ្នំពេញ និងម្យ៉ាងទៀតដើម្បីទុកជាកន្លែងឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណ ដើម្បីសុខភាពផងដែរ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះថា នៅក្នុងឆ្នាំ២០២០ និង២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តការងារស្ថាបនា និងជួសជុលកែលម្អសួនច្បារបានចំនួន២កន្លែងទៀត ទោះបីក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។

លោកបន្តថា សួនច្បារទាំងពីរកន្លែងនោះគឺ៖

-ទី១.ស្ថាបនាសួនច្បារថ្មី នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង៥៥០ម៉ែត្រ និងទទឹង១៦ម៉ែត្រ បានស្ថាបនាបញ្ចប់១០០ភាគរយ ហើយសួនច្បារថ្មីនេះ រៀបចំឡើងឱ្យមានជាទីធ្លាសម្រាប់ លំហែកម្សាន្តកន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងដាំបង្គោលភ្លើងបំភ្លឺសួនផងដែរ។
-ទី២.ជួសជុលកែលម្អសួន ច្បារនៅមុខអគារទីស្តីការក្រសួងការពារជាតិ ដោយបានដាំស្មៅ បំពាក់អំពូលភ្លើង ដែល អាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាងធំទូលាយ ជាងមុន។

លោក សំ សាមុត បានបន្តថា អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅតែបន្តថែទាំ សួរច្បារនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវពណ៌បៃតងទាំងខែប្រាំង និងខែវស្សា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: