ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានប័ណ្ណរបស់កងទ័ព អាចចាក់វ៉ាក់សាំងនៅតាមទីកន្លែងរបស់ក្រសួងសុខាភិបាលបាន

    BY Khmernote Media January 18, 2022
    ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានប័ណ្ណរបស់កងទ័ព អាចចាក់វ៉ាក់សាំងនៅតាមទីកន្លែងរបស់ក្រសួងសុខាភិបាលបាន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានបញ្ជាក់ថាប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានប័ណ្ណរបស់កងទ័ព អាចចាក់វ៉ាក់សាំងនៅតាមទីកន្លែងរបស់ក្រសួងសុខាភិបាលបាន តែត្រូវមានលិខិត បញ្ជាក់ ដើម្បីអាចផ្តល់ភាពងាយស្រួលក្នុងការបញ្ចូលទិន្នន័យ។

    ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនដល់យោធិន អតីតយុទ្ធជន និងគ្រួសារ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន ប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិបានមានប្រសាសន៍ថា សម្រាប់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានប័ណ្ណរបស់កងទ័ព អាចមកចាក់វ៉ាក់សាំងនៅតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាលបាន ខណៈអ្នកមានប័ណ្ណដែលចេញដោយក្រសួងសុខាភិបាល ក៏អាចមកចាក់វ៉ាក់ សាំងនៅទីតាំងដែលរៀបចំ ឡើងដោយកងទ័ពក៏បាន ប៉ុន្តែត្រូវបានលិខិតបញ្ជាក់ត្រឹមត្រូវ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបញ្ចូលទិន្នន័យ។

    ប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការ ឮពារជាតិ បានឱ្យដឹងថា ក្រសួងបានប្រគល់ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ២លាន ៧សែននាក់ នៅក្នុងចំណោមប័ណ្ណចំនួន ២,៧៥០,០០០នាក់។ សម្រាប់ប័ណ្ណដែលនៅសេសសល់ ក្រុមការងារបច្ចេកទេសកំពុងតែខិតខំបំពេញឱ្យបានរួចរាល់ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ សម្រាប់យកទៅប្រើប្រាស់តាមស្ថានភាពជាក់ ស្តែង។ តែក្នុងនោះ ក៏មានអ្នកចាក់មួយចំនួន ដែលលេខទូរស័ព្ទមិនអាចទាក់ទងបាន ឬក៏ដាក់រូបមកខុស ឬអ្នកខ្លះខុសថ្ងៃកំណើតជាដើម។ ដូច្នេះពួកគាត់អាចទៅទាក់ទងជា មួយអាជ្ញាធរនៅមូលដ្ឋានដែលគេបានចាក់វ៉ាក់សាំងនោះ។

    ឯកឧត្តម បានបន្តថា ប័ណ្ណចាក់វ៉ាក់សាំង ដែលរៀបចំដោយក្រសួងការពារជាតិ បានបង្ហាញព័ត៌មានរបស់អ្នកចាក់, ប្រភេទវ៉ាក់សាំង, កាលបរិច្ឆេទចាក់វ៉ាក់សាំង ហើយក៏បង្ហាញរូបថតរបស់ចាក់វ៉ាក់សាំងផងដែរ។ ប័ណ្ណចាក់វ៉ាក់សាំង អាចនឹងក្លាយជាឯកសារដ៏ចាំបាច់មួយសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយ ដូចជាការធ្វើដំណើរចូលប្រទេសណាមួយ ឬអាចប្រើប្រាស់ក្នុងភាពចាំបាច់ដទៃទៀត។

    « ឥឡូវយើងបានសហការគ្នាយ៉ាងជិតដិតជាមួយក្រសួងសុខាភិបាល ជាមួយគវក១៩ និងក្រសួង ការពារជាតិ អ៊ីចឹងប្រជាពល រដ្ឋមានប័ណ្ណចាក់វ៉ាក់សាំងរបស់កងទ័ព គាត់អាចចាក់ខាងស៊ីវិលក៏បានដែរ ប៉ុន្តែត្រូវធ្វើលិខិតបញ្ជាក់បន្តិចមក ដើម្បីអាចឱ្យខាងកងទ័ពអាចបញ្ជូនទិន្ន័យជូនគាត់ ។ ហើយបើខាងសុខាភិបាលមកចាក់ខាងកងទ័ពវិញ ក៏យើងចាក់ជូនផងដែរនិងមានប័ណ្ណមួយបញ្ជាក់ថា បានចាក់រួចរាល់ហើយ មានតាំងប្រភេទវ៉ាក់សាំង ទុកយកទៅបញ្ជូលទិន្ន័យរបស់គាត់ ។ អ៊ីចឹងមានការសហការគ្នា កាលមុនយើងអត់ទាន់សហការគ្នា ឥឡូវសហការគ្នាធ្វើបានល្អហើយ » ។

    យោងតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប២,៧៥៩,៨៤៤ នាក់, ចាក់លើកទី២ បានចំនួន ២,៧៣២,៣៨០នាក់ និងដូសជំរុញចំនួន ១,៨០៩,៨៦០នាក់ ៕

    ប្រភព៖ ក្រសួងព័ត៌មាន​

    Share This Post: