រដ្ឋបាលខេត្តកំពង់ស្ពឺចេញដីកាប្រកាសបដិសេធនិងដកហូតដីព្រៃឈើចំនួន ៧៨៤ ហិកតា ស្ថិតក្នុង ដែនជម្រកសត្វព្រៃឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញដីកា ប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋដើម្បីវាតយក ដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើទីតាំងចំនួន ២ កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ស្ថិតក្នុង ដែនជម្រកសត្វព្រៃឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការប្រកាសបដិសេធការកាន់កាប់ និងដក ហូតដីព្រៃឈើនេះធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ តាមរយៈដីកាស្តីពីការប្រកាសបដិសេធ និងដកហូតដីព្រៃនៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់របស់រដ្ឋបាលខេត្តកំពង់ស្ពឺចុះហត្ថលេខាដោយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺក៏ បានទុកពេលវេលាចំនួន៣០ថ្ងៃនៃថ្ងៃតវ៉ា ដើម្បីទុកសិទ្ធិតវ៉ា។

ដីការបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះគឺជាដីកាទី ៣៥ ដែលបានចេញ ដើម្បីប្រកាសដកហូតដីព្រៃដែលរុករានទន្ទ្រានកាន់កាប់ដោយខុសច្បាប់មកជាសម្បត្តិរដ្ឋវិញ។ លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានថ្លែងថា មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានដាក់លិខិតស្នើសុំអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តដើម្បីចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ទុកជាសម្បត្តិរដ្ឋ និងសម្រាប់ស្តារព្រៃឈើឡើងវិញ។ បើតាមលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចាប់តាំងពីឆ្នាំ២០២០មក រដ្ឋបាលខេត្តកំពង់ស្ពឺបាន ឯកភាព និងបានចេញដីកាប្រកាសបដិសេធ និង ដកហូតដីព្រៃឈើតំបន់ការពារ ធម្មជាតិស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺសរុបចំនួន ៣៥ដីកា ស្មើនឹង ៤១កន្លែង លើផ្ទៃដីសរុបទំហំ ៨,០០ ០.៥៩ ហិកតា ហើយក្នុងនោះបានដកហូតនូវវត្ថុតាងមួយចំនួនហើយសំណុំរឿងមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុងនោះរួមដីកាទាំង ៣៥ ដែលចេញក្នុងការប្រកាសបដិសេធនិងដកហូតដៃព្រៃឈើដែលទន្ទ្រានខុសច្បាប់រួមមាន៖
ទី១៖ឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» ចំនួន ៦ដីកា ស្មើនឹង ៨ទីតំាង លើផ្ទៃដីសរុប ទំហំ ២,០៣៧.៣២ ហិកតា។
ទី២៖ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ចំនួន ១ដីកា ស្មើនឹង ២កន្លែង លើផ្ទៃដីសរុបទំហំ១០៧ ហិកតា។
ទី៣៖ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលចំនួន ២ដីកា ស្មើនឹង ២កន្លែង លើផ្ទៃដីសរុបទំហំ ២១៣.៨១ ហិកតា
ទី៤៖ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំនួន ២៦ដីកា ស្មើនឹង ២៩ កន្លែងមានផ្ទៃដីសរុបទំហំ ៥, ៦៤៣.០៩៣ហិកតា។
ចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺក្នុងចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលរុករានទន្ទ្រានកាន់កាប់ដោយខុសច្បាប់នេះមកជាសម្បត្តិរដ្ឋវិញនេះ ត្រូវបានទទួលស្វាគមន៍ និង កោតសរសើរពីក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា៖ «នេះគឺជាវិធានការដ៏ម៉ឺងម៉ាត់របស់មន្ទីរបរិស្ថាន និងជាពិសេសរដ្ឋបាលខេត្ត ក្នុងកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ សូមអរគុណឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលបានចាត់វិធានការ និងចេញដីកាដកហូតដីព្រៃដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់នេះមកជាសម្បត្តិរដ្ឋ»។ ក្រៅពីខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តដែលបានចេញដីកាដកហូតដីព្រៃដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិគ្រប់គ្រងអភិរក្សដោយក្រសួងបរិស្ថានក៏បានដកហូតដីព្រៃតាមសំណើរបស់មន្ទីរបរិស្ថានដែលជាសេនាធិការឱ្យក្រសួងបរិស្ថានផងដែរមានដូចជាខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងបណ្តាខេត្តមួយចំនួនទៀត។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើសុំដល់អភិបាលខេត្តនានាដែលមានតំបន់ការពារធម្មជាតិដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្តរឹតបន្តឹងនិងពង្រឹងវិធានការច្បាប់បង្ក្រាបនិងទប់ស្កាត់សកម្មភាពនៃការលួចទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា ក៏បានជំរុញឱ្យមន្ត្រីឧទ្យានុរក្ស បន្តបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និង ប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមានឱ្យនៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា គ្មានជនណាម្នាក់មានសិទ្ធិទិញល ក់ដូរដីក្នុងតំបន់ការពារធម្មជាតិបានទេ។ ក្រសួងបរិស្ថាន ក៏មិនទទួលស្គាល់ការកាន់កាប់ដី ក្នុងតំបន់ ការពារដោយខុសច្បាប់នោះដែរ។ កន្លងទៅក្រសួងបរិស្ថានក៏ណែនាំទៅអភិបាលរាជធានី-ខេត្ត ទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់និងត្រូវធ្វើមោឃភាពចោលរាល់ការចុះហត្ថលេខាឬការបញ្ជាក់ការកាន់កាប់ដីដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិរួមទាំងតំបន់របៀងអភិរក្សជីវចម្រុះផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា៖ «ខ្ញុំសុំបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ឬក៏ទិញលក់ដីធ្លីក្នុងតំបន់ធម្មជាតិបានទេ។
ក្រសួងបរិស្ថានសុំឱ្យប្រជាពលរដ្ឋដែល មិនបានយល់ដឹងអំពីច្បាប់សូមឈប់ចាញ់បោកជនខិលខូចបន្តទៀតនិងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុសច្បាប់ទាំងឡាយនិង បញ្ឈប់ជាបន្ទាន់នូវការទិញដូរដីរដ្ឋនិងការបញ្ជាក់ការទិញដូរដីរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ហើយរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង ហើយប្រគល់ដីនោះឱ្យក្រសួង បរិស្ថានគ្រប់គ្រងវិញ។ បើពុំនោះទេ នឹងប្រឈមមុខនឹងផ្លូវច្បាប់»៕



ប្រភព៖ ក្រសួងព័ត៌មាន