រដ្ឋបាលខណ្ឌច្បារអំពៅ នឹងសាងសង់ផ្លូវថ្មីចំនួន ១ខ្សែ ចាប់ពីចុងផ្លូវចាស់មុខស្ថានីយទូរទស្សន៍ហង្សមាស ដល់វត្តព្រះច័ន្ទរង្ស៊ី ស្ថិតក្នុងសង្កាត់ក្បាលកោះ ចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការសាងសង់ផ្លូវថ្មីចំនួន ០១ខ្សែ ចាប់ពីចុងផ្លូវចាស់មុខស្ថានីយទូរទស្សន៍ហង្សមាស ស្ថិតក្នុងសង្កាត់ព្រែកឯក ដល់វត្តព្រះច័ន្ទរង្ស៊ី ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដីពាក់ព័ន្ធ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង និងភូមិព្រែកធំ សង្កាត់ក្បាលកោះ មេត្តាជ្រាបថា៖ រដ្ឋបាលខណ្ឌច្បារអំពៅនឹងសាងសង់ផ្លូវថ្មី ចំនួន ០១ខ្សែ ចាប់ពីចុងផ្លូវចាស់មុខស្ថានីយទូរទស្សន៍ហង្សមាស ស្ថិតក្នុងសង្កាត់ព្រែកឯងរហូតដល់វត្តព្រះច័ន្ទរង្ស៊ី ស្ថិតក្នុងសង្កាត់ក្បាលកោះ ស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់ខណ្ឌឆ្នាំ២០៣៥ នៅសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២២។
ដូចនេះ ដើម្បីសម្រួលដល់ការសាងសង់ផ្លូវខាងលើឲ្យមានភាពរលូន រដ្ឋខណ្ឌ សូមបងប្អូនប្រជាពលរដ្ឋម្ចាស់ដីក្បាលដីពាក់ព័ន្ធផ្លូវថ្មី ដែលត្រូវសាងសង់នេះ ចូលរួមសហការជាមួយអាជ្ញារធរមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទទួលបានសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខណ្ឌច្បារអំពៅ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្បាលដីពាក់ព័ន្ធក្នុងភូមិសាស្ត្រខាងលើ នឹងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការសាងសង់ផ្លូវខាងលើ ដើម្បីបម្រើឲ្យផលប្រយោជន៍សាធារណៈ ៕

ប្រភព៖ សាលាខណ្ឌច្បារអំពៅ