ក្រសួងបរិស្ថាន ដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតនៅកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សយារបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងបរិស្ថាន បានដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតនៅកម្ពុជា ដើម្បីទប់ស្កាត់ការបំពុលខ្យល់ ដែលនាំឱ្យប៉ះពាល់អវិជ្ជមានចំពោះសុខភាពសាធារណៈ បរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីផែនការខ្យល់ស្អាតកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន បានផ្តួចផ្តើមរៀបចំផែនការខ្យល់ស្អាតកម្ពុជា ដោយមានកិច្ចសហការផ្តល់បច្ចេកទេស និងហរិញ្ញវត្ថុពីកម្មវិធីភាពជាដៃគូ ស្តីពីខ្យល់ស្អាតអាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីបរិស្ថានសហប្រជាជាតិ និងវិទ្យាស្ថានបរិស្ថានស្តុកខូម នៃប្រទេសស៊ុយអ៊ែត សំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា។
ឯកឧត្តម បន្តថា ការរៀបចំផែនការខ្យល់ស្អាតកម្ពុជា គឺក្នុងគោលបំណងបង្កើតការវិភាគរួមនៃសារធាតុបំពុលបរិយាកាស ឧស្ម័នផ្ទះកញ្ចក់ និងសារធាតុបំពុលបរិយាកាស រយៈពេលខ្លី ដើម្បីកំណត់ពីវិស័យនានាដែលជាប្រភពសំខាន់នៃការបំពុលខ្យល់នាពេលបច្ចុប្បន្ន និងពេលអនាគត។ ជាមួយគ្នានេះ ក៏កំណត់វិធានការកាត់បន្ថយការសាយភាយការបំពុលខ្យល់នៅក្នុងផែនការ និងយុទ្ធសាស្ត្រ ដែលមានស្រាប់ ស្របគ្នានឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាកំណត់អាទិភាពដល់សកម្មភាព និងត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងគុណភាពខ្យល់និងជំរុញការអនុវត្តន៍ដែលបានគ្រោងទុកសម្រាប់ផែនការមានស្រាប់ និងសកម្មភាពថ្មីៗដែលកំពុងបង្កើតឡើងនៅក្នុងវិស័យផ្សេងៗ។
បើយោងតាមទិន្នន័យតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថាន បានបង្ហាញថា នៅរាជធានីភ្នំពេញជារៀងរាល់ឆ្នាំកំហាប់ PM2.5 ជាមធ្យមមានកើនឡើងពី១៣.៥៩មីក្រូក្រាម ក្នុងមួយម៉ែត្រគូប(១៣.៥៩μg/m³) ក្នុងឆ្នាំ២០១៧ និង១៩.២៦ μg/m³ ក្នុងឆ្នាំ២០១៨ ហើយវាបានកើនឡើងដល់២១.១២ μg/m³ ក្នុងឆ្នាំ២០១៩ ។ បើទោះបីជាកំហាប់ភាគល្អិតនិចលស្ថិត ក្រោមបន្ទាត់ស្តង់ដារជាតិ (២៥ μg/m³) ក៏ដោយ ប៉ុន្តែនិន្នាការនៃការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងបរិយាកាស គឺមានកម្រិតគួរឱ្យកត់សម្គាល់ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់វិធានការកាត់បន្ថយ។
ភាគល្អិតនិចល មានសមាសធាតុដែលជាល្បាយនៃភាគល្អិតសរីរាង្គ និងអសរីរាង្គ អណ្តែតក្នុងខ្យល់មានដូចជា៖ ស៊ុលហ្វាត នីត្រាត អាម៉ូញាក់ កាបូនខ្មៅ ជាដើម ដោយភាគល្អិតដែលមានអង្កត់ផ្ចិត២,៥មីក្រូម៉ែត្រ(២,៥μm) ឬតូចជាងនេះមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព ដោយ សារវាអាចជ្រៀតចូល និងស្ថិតនៅជ្រៅក្នុងសួត។ មានជំងឺមួយចំនួនដែលបណ្តាលមកពីការប៉ះពាល់ជាមួយភាគល្អិតនិចលក្នុងរយៈពេលវែង ដូចជាប៉ះពាល់ដល់ទារក (កើតមុនកំណត់ ទំងន់មិនគ្រប់) ជំងឺផ្លូវដង្ហើមចំពោះកុមារ ក្រិនសរសៃឈាម ការវិវឌ្ឍន៍ប្រព័ន្ធប្រសាទ និងសមត្ថភាពខួរក្បាល។
ការអនុវត្តវិធានកាត់បន្ថយ ការបំពុលបរិយាកាស ដោយសារាចរលេខ០១ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈបានរួមចំណែកកាត់បន្ថយការបញ្ចេញឧស័្មនបំពុលខ្យល់បានច្រើន ជាពិសេស PM2.5 PM10 និង CO ត្រូវបានកាត់បន្ថយបានពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០ បើប្រៀបធៀបទៅនឹងសេណារីយ៉ូមូលដ្ឋាន។ ចំពោះការអនុវត្តន៍ វិធានការទាំងអស់រួមបញ្ចូលគ្នា ការបញ្ចេញឧស្ម័នបំពុលខ្យល់ត្រូវបានកាត់បន្ថយយ៉ាងច្រើនក្នុងរយៈពេល៩ឆ្នាំខាងមុខ បើប្រៀបធៀបទៅនឹងសេណារីយ៉ូមូលដ្ឋាន ការកាត់បន្ថយការបញ្ចេញឧស្ម័ននៅឆ្នាំ២០៣០ គឺ PM2.5 ស្មើនឹងចំនួន៥៩,៨ពាន់តោនត្រូវជា ៦០,៧១% PM10 មានចំនួន៧៣ពាន់តោន ត្រូវជា ៥៥,១% កាបូនខ្មៅមានចំនួន៩,៣ពាន់តោន ត្រូវជា ៦៣.៦៩% SO2 មានចំនួន៣៦,៥ ពាន់តោន ត្រូវជា៥២.១៤% NO2 មានចំនួន១៥៨ ពាន់តោន ត្រូវជា៤៨.០២% និង CO2 មានចំនួន៧.៤៦១,៧ ពាន់តោន ត្រូវជា១៨.៥៨៕


ប្រភព៖ ក្រសួងព័ត៌មាន