ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការគាំទ្រគម្រោងលើវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការស្ថានីយ៍សាកថ្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន១០ ទីតាំង

BY
srey nuch
January 26, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញការគាំទ្រដល់គម្រោងលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការស្ថានីយ៍សាកថ្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន១០ទីតាំង ដើម្បីទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់ពីសំណាក់សាធារណជនទូទៅ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Zhang Hailong ប្រធានសភាពាណិជ្ជកម្មចិន ដោយមានការអមដំណើរពីតំណាងក្រុមហ៊ុន CACS និងតំណាងក្រុមហ៊ុន GCC ដើម្បីស្នើសុំអនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រីទាក់ទងនឹងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យនេះ ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយនៅកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុននីមួយៗបានបង្ហាញនូវបទពិសោធន៍ និងសកម្ម ភាពការងាររបស់ខ្លួន ក៏ដូចជាទំនាក់ទំនងជាមួយនឹងបណ្ដាក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី និងបានជម្រាបជូនអំពីគម្រោងដំឡើងស្ថានីយសាកថ្មរថយន្តEVs ចំនួន ១០ទីតាំង ដើម្បីជំរុញលើក ទឹកចិត្ត និងទាក់ទាញការចាប់ អារម្មណ៍ឱ្យមានការប្រើប្រាស់ពីសំណាក់សាធារណជនទូទៅ។ ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រដល់គម្រោងដែលក្រុម ហ៊ុនស្នើឡើង និងបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនផ្តោតការចាប់អារម្មណ៍លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការស្ថានីយ៍សាកថ្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅ ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការបំពុល បរិស្ថាន និងបានបង្ហាញការព្រួយបារម្ភលើការបោះចោលអាគុយចាស់ៗចេញពីរថយន្ត ដើរថាមពលអគ្គិសនី និងបានស្នើឱ្យក្រុមហ៊ុនពិចារណាលើបញ្ហានេះឱ្យបានសមស្រប ដើម្បីចៀសវាងការធ្វើឱ្យប៉ះ ពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា ក្រសួងគ្រោងនឹងរៀបចំដាក់តាំងបង្ហាញរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុង Showroom ក្នុងបរិវេណទីស្តីការក្រសួង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់យាន យន្តសម្រាប់ធ្វើដំណើរផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីតួនាទីជាអ្នកសម្របសម្រួលរបស់ក្រសួងសាធារណការ និងដឹក ជញ្ជូនរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន និងបានសង្កត់ធ្ងន់ថា ក្រសួងមិន មែនជាចៅហ្វាយរបស់វិស័យឯកជនទេ ប៉ុន្តែជាអ្នកសម្របសម្រួលសម្រាប់វិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើន។ ជាការឆ្លើយតបតំណាងក្រុមហ៊ុនសន្យានឹងលើកយកបញ្ហាកង្វល់ទាក់ទងនឹងការបោះ ចោលអាគុយចាស់ៗចេញពីរថយន្តដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង ទៅរាយការណ៍ជូនថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដើម្បីពិចារណាយកទៅអនុវត្តនៅពេលគម្រោងនេះចាប់ផ្តើមដំណើរការនៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: