ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    គួរឲ្យសរសើរណាស់! ឆ្លៀតពេលពីការប្រគំតន្រ្តី តាំងពិព័រណ៍ ម៉ាក់ EE និង តារាស្រី EE នាំយកសម្ភារៈសិក្សា និងថវិកាចែកជូនដល់មណ្ឌលកុមារកំព្រាមួយ ក្នុងខេត្តសៀមរាប

    BY Khmernote Media January 29, 2022
    គួរឲ្យសរសើរណាស់! ឆ្លៀតពេលពីការប្រគំតន្រ្តី តាំងពិព័រណ៍ ម៉ាក់ EE និង តារាស្រី EE នាំយកសម្ភារៈសិក្សា និងថវិកាចែកជូនដល់មណ្ឌលកុមារកំព្រាមួយ ក្នុងខេត្តសៀមរាប

    ខេត្តសៀមរាប៖ ពិតជាគួរឲ្យសរសើរ ពីទឹកចិត្តចេះចែករំលែកក្ដីស្រឡាញ់ របស់តារាកូនកាត់ខ្មែរ-កូរ៉េ ស្រីស្រស់ EE និងអ្នកម្ដាយរបស់នាង (ម៉ាក់ EE) ដែលបានឆ្លៀតពេលពីការប្រគំតន្រ្តី តាំងពិព័រណ៍លក់ផលិតផលរបស់ខ្លួនពេល២ថ្ងៃ ដើម្បីចែករំលែកក្ដីស្រឡាញ់ដល់មណ្ឌលកុមារកំព្រាមួយ មានឈ្មោះថា «សេចក្ដីសង្ឃឹមនាងហាណា» ស្ថិតក្នុងខេត្តសៀមរាប ដោយបាននាំយកនូវសម្ភារៈសិក្សា, គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់កុមារកំព្រាប្រមាណ ៤៩នាក់ ក្នុងមណ្ឌលមួយនេះដោយផ្ទាល់។

    តំណាងរបស់តារាកូនកាត់ខ្មែរ-កូរ៉េ វ័យក្មេង ស្រីស្រស់ EE បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា កញ្ញា EE និងម្ដាយរបស់នាង ដែលមហាជនតែងហៅថា «ម៉ាក់ EE» បានសម្ដែងរំភើបរីករាយ ដែលបានឃើញស្នាមញញឹមរបស់កុមារទាំងអស់នោះ ហើយមិននឹកស្មានថា ពួកគេសុទ្ធតែជាអ្នកគាំទ្រ កញ្ញា EE តាំងពីដើមមក និយាយរួមគឺជាហ្វេនៗរបស់កញ្ញា EE ទាំងអស់តែម្ដង។ ក្នុងទឹកមុខសប្បាយរីករាយ ពេលដែលបានជួបជាមួយតារាកូនកាត់ខ្មែរ-កូរ៉េ កញ្ញា EE និងម៉ាក់របស់ EE រួចមក ពួកគេបានបង្ហាញមហិច្ឆតាចង់ក្លាយជា តារាល្បីដូចជា EE ដែរ។

    តំណាងដដែលបន្តថា បន្ទាប់ពីសំណេះសំណាល និងផ្ដល់ជូននូវសម្ភារៈសិក្សា, គ្រឿងឧបភោគ-បរិភោគ និងថវិការួចមក ពួកគេក៏បានថតរូបជុំគ្នាយ៉ាងសប្បាយរីករាយ ព្រមទាំងផ្ដល់នូវស្នាមញញឹម និងក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាល។ តំណាងមណ្ឌលកុមារកំព្រា «សេចក្ដីសង្ឃឹមនាងហាណា» បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់តារាស្រី EE និងម្ដាយរបស់នាង (ម៉ាក់ EE) ដែលបានចែករំលែកក្ដីស្រឡាញ់ និងធ្វើនូវសកម្មភាពមនុស្សធម៌ ដល់មណ្ឌលកុមារកំព្រាមួយនេះ ដែលធ្វើឲ្យពួកគេ កាន់តែមានកម្លាំងចិត្ត ក្នុងការបន្តការសិក្សាទៅថ្ងៃអនាគត។

    ជាការពិត តារាកូនកាត់ខ្មែរ-កូរ៉េ វ័យក្មេងស្រីស្រស់ EE និង ម៉ាក់ EE បានរៀបចំកម្មវិធីតាំងពិព័រណ៍ផលិតកូរ៉េសុទ្ធ ដោយមានការប្រគំតន្រ្តី បញ្ចេញក្បាច់រាំពិសេសៗ នៅខេត្តសៀមរាប រយៈពេល២ថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ ហើយនាងក៏បានរៀបចំធ្វើសកម្មភាពមនុស្សធម៌ ចែករំលែកក្ដីស្រឡាញ់ដល់កុមារកំព្រា បន្ទាប់ពីចប់ភារកិច្ចនៃការប្រគំតន្រ្តីចប់រួចរាល់។

    សូមបញ្ជាក់ថា តារាកូនកាត់ខ្មែរ-កូរ៉េវ័យ១៨ឆ្នាំ ស្រីស្អាត EE កំពុងត្រូវបានវិស័យ K-POP ដ៏ល្បីរបស់ប្រទេសកូរ៉េចាប់អារម្មណ៍លើរូបនាង និងត្រៀមបើកផ្លូវឲ្យតារាកូនកាត់រូបនេះ ដើរចូលក្នុងវិស័យមួយនេះទៀតផង។ កញ្ញា EE បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដែលជាទឹកដីកំណើតរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីបានចេញទៅបំពេញការងារសិល្បៈ នៅប្រទេសកូរ៉េអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។

    មហាជន និងអ្នកគាំទ្របានលើកឡើងថា ប្រសិនបើតារាវ័យក្មេងរបស់កម្ពុជា កញ្ញា EE អាចចូលជាសមាជិក K-POP នាពេលខាងមុខនោះបានមែន, EE និងក្លាយជាក្មេងស្រីទី១របស់កម្ពុជា ដែលចូលក្នុងវិស័យចម្រៀង K-POP របស់ប្រទេសកូរ៉េ។ មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ EE ក៏ជាម្ចាស់ប្រេនក្រុមហ៊ុន Cosmtic ផ្ទាល់ខ្លួនមួយ មានឈ្មោះថា «EEBLACK9» ដែលជាផលិតផលពីរោងចក្រ ខ្នាតយក្សរបស់ប្រទេសកូរ៉េទៀតផង ៕

    Share This Post: