ក្រុមហ៊ុន Huawei នៅតែរក្សាតំណែងលេខ២ ទោះបី អាមេរិកបិទមិនអោយចូលក្នុងទីផ្សារប្រទេសខ្លួនក៏ដោយ
- BY
- autoadmin
- November 3, 2018
តាមការប៉ាន់ប្រមាណថ្មីបំផុតពីក្រុមហ៊ុនស្រាវជ្រាវ បានឱ្យដឹងថាទោះបីជាមានការហាមឃាត់ការលក់ផលិតផល Huawei នៅលើទីផ្សារសហរដ្ឋអាមេរិកក៏ដោយ ក្រុមហ៊ុន Huawei នៅតែរក្សាចំណាត់ថ្នាក់លេខរៀងទី២ នៃទីផ្សារស្មាតហ្វូនទូទាំងពិភពលោកកាលពីត្រីមាសមុន។ យោងតាមទិន្នន័យបឋមរបស់ IDC បានឱ្យដឹងថាក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូនបានដឹកជញ្ជូនសរុបចំនួន ៣៥៥.២លានគ្រឿងក្នុងត្រីមាសទី ៣ នៃឆ្នាំ២០១៨ នេះ ដែលធ្វើឱ្យលទ្ធផលប្រចាំឆ្នាំមានការធ្លាក់ចុះ ៦%។ ទោះបីជាក្រុមហ៊ុន Samsung នៅតែជាអ្នកនាំមុខទីផ្សារស្មាតហ្វូនដែលមាន ២០,៣ភាគរយនៃការដឹកជញ្ជូនសរុបក៏ដោយ ក៏ការលក់បានរបស់ពួកគេបានធ្លាក់ចុះ ១៣,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដោយផ្គត់ផ្គង់បានត្រឹមតែ ៧២,២ លានគ្រឿងប៉ុណ្ណោះ។
ក្រុមហ៊ុនកូរ៉េខាងត្បូងនៅតែបន្តទទួលរងសម្ពាធដោយការខ្វះវត្តមានរបស់ខ្លួននៅក្នុងប្រទេសចិន ដែលជាទីផ្សារធំបំផុតតែមួយគត់របស់ពិភពលោកសម្រាប់ស្មាតហ្វូន ដែលមានចំនួនប្រហែល ១/៣ នៃការដឹកជញ្ជូនទូទាំងពិភពលោក និងការប្រកួតប្រជែងដ៏តឹងតែងនៅក្នុងទីផ្សារដែលកំពុងរីកលូតលាស់ដូចជាប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី ដែលកំពុងត្រូវបានវាយលុកដោយស្មាតហ្វូនដូចជា Xiaomi, Oppo និង Vivo ។

ខណៈដែលអ្នកទិញកំពុងតែមានភាពមមាញឹកក្នុងការទិញនៅក្នុងរដូវកាលវិស្សមកាលនេះ ស្មាតហ្វូនចុងក្រោយរបស់ Samsung (Galaxy S9 និង Note 9) ហាក់ដូចជាមិនសូវមានការភ្ញាក់ផ្អើលជាងស្មាតហ្វូនថ្មីចុងក្រោយរបស់ក្រុមហ៊ុន Apple (iPhone XS Max និង XR) ក្រុមហ៊ុន Huawei (Mate 20 series) ឬ OnePlus (6T) នោះទេ។

ក្នុងត្រីមាសទី២ ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់ទី២ ដោយនាំចេញទូរស័ព្ទដៃចំនួន ៥២លានគ្រឿង និងក្តាប់បានទីផ្សារទូរស័ព្ទស្មាតហ្វូនសរុបចំនួន ១៤.៦ ភាគរយ ដោយសារតែការលក់លើស៊េរី P20 និងម៉ាក Honour របស់ខ្លួន។ ចំណែកការចេញលក់ស្មាតហ្វូន Mate 20 Pro របស់ក្រុមហ៊ុន Huawei នាពេលថ្មីៗដែលឈរឈ្មោះជាទូរស័ព្ទ Android ល្អបំផុតមួយនៅឆ្នាំ ២០១៨នេះ នឹងក្លាយជាដៃគូរប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple នៅលើទីផ្សារស្មាតហ្វូនក្នុងរដូវកាលឈប់សម្រាកនេះ។
អត្ថបទ៖ លីដា
ប្រភព៖ forbes
- Share This Post:






