រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកព្រឹត្តិការណ៍សង្ក្រាន្តថ្មីថ្ងៃដំបូង បងប្អូនប្រជាពលរដ្ឋសម្រុកនាំគ្នាទៅលេងយ៉ាងច្រើនកុះករ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកសង្រ្កាន្តនៅសួនមានជ័យ(វេទិកាខេត្ត) អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងថាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២២នេះ ត្រូវបានរៀបចំចំនួន២ទីតាំង នៅរមណីយដ្ឋានប្រាសាទបន្ទាយឆ្មារ បង្ហាញនៃការលេងល្បែងប្រជាប្រិយ៍ជាទំនៀមទំលាប់ប្រពៃណីខ្មែរ បានស្គាល់ពីទម្រង់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏សម្បូរបែប និងនៅសួនមានជ័យ ក្រុងសិរីសោភ័ណ បាននាំមកនូវការតាំងពិព័រណ៍ជាច្រើន លក់ផលិតផល និងការប្រគុំតមន្ត្រី ដើម្បីជូនដល់ភ្ញៀវជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋទស្សនាកំសាន្តសប្បាយ។
ទន្ទឹមនឹងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ គឺបានផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើងថែមទៀតផង។ ម៉្យាងទៀតក៏ជាការផ្ដល់នូវភាពសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាសំខាន់ឆ្លុះបញ្ចាំង ពីការសាមគ្គីភាព មិត្តភាព ក្នុងចំណោមមហាក្រុមគ្រួសារខ្មែរទាំងអស់ ក្នុងស្រទាប់យុវជន ជាពិសេសដើម្បីបង្ហាញអំពីកេរ្តិ៍តំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ខ្មែរយើង ដែលជាមោទនៈភាពជាតិ។
ឯកឧត្តមបានបន្ថែមទៀតថា ក្រោយពីមានថ្ងៃ៧មករា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកមានសេ្ថរភាព នយោបាយ មានការកសាងការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗមានជាបន្តបន្ទាប់ និងមានបន្តការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំឡុងពេលកម្ពុជាជួបវិបត្តិកូវីដដោយមិនឲ្យកម្ពុជាទៅរកភាពអតីតកាលឡើយ។
បានកោតសរសើរ ដល់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និង ក្រុមការងារយុវជនខេត្តទាំងអស់ បានចូលរួមថែរក្សាការពារ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី២០២២នេះ ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងសារជូនពរថា ទេវតាឆ្នាំថ្មី សូមតាមបីបាច់ថែរក្សាប្រជាជនកម្ពុជា ពិសេសប្រជាជនខេត្តបន្ទាយមានជ័យ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ក្រោមម្លប់នៃសន្តិភាពដ៏ត្រជាក់ត្រជុំ៕








ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ