ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្ងៃទីពីរនៃបុណ្យចូលឆ្នាំថ្មី មានភ្ញៀវចេញដើរកម្សាន្តជាង ១លាន៥៧ម៉ឺននាក់ សរុបរយៈពេល២ថ្ងៃនេះ មានជាង២លាន៤៤ម៉ឺននាក់

    BY Khmernote Media April 16, 2022
    ថ្ងៃទីពីរនៃបុណ្យចូលឆ្នាំថ្មី មានភ្ញៀវចេញដើរកម្សាន្តជាង ១លាន៥៧ម៉ឺននាក់ សរុបរយៈពេល២ថ្ងៃនេះ មានជាង២លាន៤៤ម៉ឺននាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងថ្ងៃទីពីរនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរប្រមាណជាង ១លាន៥៧ម៉ឺននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ហើយប្រសិនបើសរុបទាំង២ថ្ងៃ គឺថ្ងៃទី១៤ និងទី១៥ គឺមានចំនួនសរុបជាង ២លាន ៤៤ម៉ឺននាក់។

    ឯកឧត្ដមរដ្ឋមន្ត្រីបានឲ្យដឹងថា ភ្ញៀវទេសចរក្នុងថ្ងៃទីពីរនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ មានចំនួន១,៥៧៩,២៥១នាក់ ក្នុងនោះភ្ញៀវជាតិ១,៥៦៩,៤៨២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៩,៧៦៩នាក់។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
    -ខេត្តបាត់ដំបង ២៤១,៨១៧នាក់
    -ខេត្តព្រៃវែង ១៥៥,៣០៤នាក់
    -ខេត្តបន្ទាយមានជ័យ ១៣៧,១៨៣នាក់
    -ខេត្តកំពង់ចាម ១២៣,៨៧០នាក់
    -ខេត្តពោធិ៍សាត់ ១២០,៧១៤នាក់
    -ខេត្តកំពត ១០៨,៤៤២នាក់
    -ខេត្តសៀមរាប ១០៧,០១៤នាក់
    -ខេត្តកំពង់ស្ពឺ ១០១,៧៥១នាក់។

    ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា នាថ្ងៃទីពីរនេះ ចរន្តភ្ញៀវទេសចរមានភាពផុសផុល និងកុះករកាន់តែច្រើន បើធៀបនឹងថ្ងៃទី១ម្សិលមិញ បើទោះបីតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។ ជាក់ស្តែង តួលេខថ្ងៃទី២នេះ មានការកើនឡើងរហូតដល់ប្រមាណ ៨៣% ធៀបនឹងថ្ងៃចូលឆ្នាំទី១។
    ឯកឧត្ដមបន្តទៀតថា សរុបទាំង២ថ្ងៃ ភ្ញៀវទេសចរសរុបមានចំនួន២,៤៤២,១៤៨នាក់។ ចរន្តភ្ញៀវទេសចរនឹងបន្តមានភាពផុសផលនាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំនាថ្ងៃស្អែក និងបន្តរហូតដល់ថ្ងៃអាទិត្យ។

    ស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញនៅបន្តមានភាពទូលាយ ប៉ុន្តែមានភាពកកកុញជួបជុំភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅទីតាំងសង្រ្កាន្តវត្តភ្នំ។ អ្នករាជធានីភ្នំពេញមួយចំនួន បានសម្រុកចេញពីភ្នំពេញតាំងព្រលឹមឆ្ពោះទៅកាន់គោលដៅទេសចរណ៍នានា ហើយខ្លះក៏ត្រលប់ចូលរាជធានីវិញពេលល្ងាច ខណៈដែលខ្លះនៅបន្តដំណើរកម្សាន្តនៅតាមគោលដៅផ្សេងទៀត។

    នាថ្ងៃទី២នេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស រួមទាំងទីកន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត និងកម្មវិធីកម្សាន្តសប្បាយនានា។ ដោយឡែក បណ្តាខេត្តដែលពុំមានការរៀបចំសង្ក្រាន្តនៅទីរួមខេត្ត ក៏បានរៀបចំឲ្យមានតំបន់ត្រជាក់ចិត្តនៅក្នុងប្រជុំជនក្នុងទីរួមខេត្ត ដោយមានការដាក់ឡានទឹកដើម្បីបាញ់កម្សាន្តដាក់ប្រជាពលរដ្ឋ ចាក់ភ្លេង និងរាំលេងកម្សាន្ត រួមជាមួយការលេងល្បែងប្រជាប្រិយផងដែរ។

    ក្រៅតែពីសកម្មភាពពេលថ្ងៃ គោលដៅមួយចំនួននៅបន្តមានសកម្មភាពពេលរាត្រីដែលទាក់ទាញភ្ញៀវទេសចរជាច្រើន ដូចជាតំបន់ផាប់ស្រ្ទីត (Pub Street) ក្នុងខេត្តសៀមរាប និងតាមបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុជាដើម រួមជាមួយទីតាំងសង្ក្រាន្តដែលមានកម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌ជាដើម។

    មិនសូវខុសពីថ្ងៃទី១ទេ ក្រៅពីខេត្តទាំង៤ដែលបានដកចេញកាតព្វកិច្ចពាក់ម៉ាស ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនដែលទៅលេងកម្សាន្តកម្មវិធីសង្រ្កាន្ត តំបន់ត្រជាក់ចិត្ត ជះទឹក និងប៉ាតម្សៅ ឬកម្មវិធីកម្សាន្តតាមភូមិស្រុកនានា មានចំនួនមិនសូវច្រើនទេដែលបានពាក់ម៉ាស់បានខ្ជាប់ខ្ជួន ប៉ុន្តែយ៉ាងណាក៏ដោយ ភ្ញៀវដែលដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការពាក់ម៉ាស់បានខ្ជាប់ខ្ជូនជាង រួមជាមួយការចូលរួមអនុវត្ត SOP បានល្អប្រសើរជាងភ្ញៀវនៅតាមកន្លែងដែលមានការប្រមូលផ្តុំច្រើន៕

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: