លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មាន ពីស្ថានភាពនៃការឆ្លងកូវីដ-១៩ ក្រោយពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរទើបបញ្ចប់
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ខ្ញុំសូមជម្រាបជូនថា ការព្រួយបារម្ភ មានការឆ្លងកូវីដ-១៩ ឬមិនព្រួយបារម្ភ យើងគួរពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរ ក្នុងការអនុវត្តន៍ការការពារការចម្លងកូវីដ-១៩។

យើងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ដែលត្រូវរងចាំ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ។ ការទទួលខុសត្រូវរបស់បុគ្គល និងសហគមន៍ នាពេលនេះ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារនីមួយៗ ហើយប្រសិនបើលោកអ្នកមានការសង្ស័យ សូមធ្វើតេស្តរហ័ស ឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក។ បើលទ្ធផលបង្ហាញ វិជ្ជមានកូវីដ-១៩ និងបើក្នុងលក្ខណៈស្រាល សូមនៅដោយឡែក ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក។
បើមានរោគសញ្ញាសង្ស័យថាវិវត្តន៍ទៅធ្ងន់ធ្ងរ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសង្ងំនៅផ្ទះ ដែលអាចបាត់បង់ជីវិតបាន។ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យដែលនៅតំបន់លោកអ្នករស់នៅ ដើម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលា។ សូមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍ សម្រាប់រក្សានិរន្តន៍ភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ ដូចជារោងចក្រ សហគ្រាស ទីផ្សារ និងសាលារៀន។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតនូវជំងឺកូវីដ-១៩ ទាំងអស់គ្នា។ សូមអរគុណ ៕
