ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរអ្នកភូមិថ្នល់បណ្តោយ និងភូមិថ្នល់ទទឹង ទីបំផុតផ្លូវបេតុង២ខ្សែ ត្រូវបានអាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យសាងសង់ហើយ

    BY Khmernote Media April 21, 2022
    អបអរសាទរអ្នកភូមិថ្នល់បណ្តោយ និងភូមិថ្នល់ទទឹង ទីបំផុតផ្លូវបេតុង២ខ្សែ ត្រូវបានអាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យសាងសង់ហើយ

    ខេត្តសៀមរាប៖ យោងតាមគណនីហ្វេស ប៊ុករបស់ ឃឹម ហ្វីណង់ អភិបាល​ស្រុកបន្ទាយស្រី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានអបអរសាទរអ្នកភូមិថ្នល់បណ្តោយ និងភូមិថ្នល់ទទឹង! ទីបំផុត ផ្លូវបេតុង២ខ្សែលើខ្នងទំនប់ចាស់ ឆ្លងកាត់ភូមិថ្នល់បណ្តោយ និងភូមិថ្នល់ទទឹងនៃឃុំព្រះដាក់ ត្រូវបានអាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យសាងសង់ ដោយអនុលោមទៅតាមអនុសាសន៍របស់កិច្ចប្រជុំ អាយ.ស៊ី.ស៊ី.អង្គរ កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២២។

    បន្ទាប់ពីបានទទូចស្នើសុំ និងតស៊ូមតិអស់ជាច្រើនលើកច្រើនសារក្នុងអំឡុងពេលជាង២ឆ្នាំកន្លងមក នេះគឺជាដំណឹងដ៏គួរឱ្យរំភើបរីករាយសម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជាសម្រាប់បងប្អូនអ្នកភូមិរាប់ពាន់នាក់ទៀត ដែលនឹងបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីផ្លូវបេតុងដែលមានប្រវែងសរុបជាង៣គីឡូម៉ែត្រនេះ។ បើទោះជាត្រូវគោរពតាមគោលការណ៍នៃលក្ខខណ្ឌតម្រូវដើម្បីជៀសវាងការប៉ះពាល់ដល់តំបន់មានសក្តានុពលបុរាណដ្ឋានក៏ដោយ ផ្លូវបេតុងទាំង២ខ្សែនេះនឹងនាំមកនូវគុណភាពជីវិតថ្មីសម្រាប់អ្នកភូមិ ក៏ដូចជានឹងជួយជំរុញឱ្យមានចរន្តសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន តាមរយៈការលើកកម្ពស់សោភ័ណភាពនៅក្នុងភូមិបុរាណ ដែលនឹងបង្កើតនូវសក្តានុពលជាច្រើនសម្រាប់វិស័យទេសចរណ៍ ព្រមទាំងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

    រដ្ឋបាលស្រុកបន្ទាយស្រីនឹងខិតខំប្រឹងប្រែងគ្រប់រូបភាពដើម្បីអប់រំឱ្យអ្នកភូមិបន្តអភិរក្សថែរក្សាអត្តសញ្ញាណដើមរបស់ខ្លួន និងប្តេជ្ញាមិនឱ្យការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធទាំងនេះប៉ះពាល់ទៅដល់ទេសភាពដែលមានស្រាប់នៅតាមដងផ្លូវឡើយ ជាពិសេសការពារមិនឱ្យបាត់បង់ដើមឈើទាំងអស់ដែលមានស្រេចនៅទីនោះ។ សង្ឃឹមថា រុក្ខជាតិបៃតងនៅតាមដងផ្លូវ ដែលធ្លាប់តែមានពណ៌ស្រអាប់មិនគួរឱ្យទាក់ទាញនឹងវិលត្រលប់ទៅរកសភាពដើមនៃធម្មជាតិស្រស់បំព្រងរបស់ខ្លួនវិញ ហើយទីធ្លារមុខផ្ទះដែលជាកន្លែងដែលតែងមានដីហុយខ្លាំង និងពិបាកសូម្បីតែដកដង្ហើមនោះ ក៏នឹងប្រែក្លាយទៅជាទីប្រមូលផ្តុំជួបជុំគ្នា មានកូនក្មេងរត់លេង និងមានអ្នកភូមិលក់ដូររបស់របរហូបចុកជាហូរហែរដូចភូមិព្រះដាក់ផងដែរ។

    ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានផ្តល់ការអនុញ្ញាតទៅលើសំណើររបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីបើកផ្លូវឱ្យសំណង់ផ្លូវបេតុងអាចដំណើរការសាងសង់បាន។ ផ្លូវបេតុងទាំង២ខ្សែនេះនឹងត្រូវបានចាប់ផ្តើមនៅក្នុងពេលឆាប់ៗនេះ ហើយបញ្ចប់នៅក្នុងឆ្នាំ២០២២ ដោយគ្រោងប្រើប្រាស់កញ្ចប់ថវិកាអភិវិឌ្ឍន៍មកពីមូលនិធិឃុំ មូលនិធិស្រុក និងមូលនិធិបឹងទន្លេសាបបូកបញ្ចូលគ្នា៕

    ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

    Share This Post: