ក្រសួងអប់រំ ចេញសេចក្ដីអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីអំពាវនាវស្ដីពី ការជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។

ក្រសួងអប់រំ បានឲ្យដឹងថា កម្មវិធីធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង និងជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាល័យ១០មករា១៩៧៩ ខេត្តសៀមរាប។
-កាលបរិច្ឆេទពិធីបើក៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២
-កាលបរិច្ឆេទពិធីបិទ៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២
-ទីតាំង៖ វិទ្យាល័យ១០មករា១៩៧៩ ខេត្តសៀមរាប។
ដើម្បីធ្វើឲ្យពិធីនេះកាន់តែអធិកអធម ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការអំពាវនាវ ចំពោះ សប្បុរសជនក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស មេត្តាជួយឧត្ថម្ភជាថវិកា សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស សំដៅជំរុញចលនានេះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់ ៕

ប្រភព៖ MoEYS Cambodia