ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ ពិភាក្សាការងារជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន លើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់

    BY Khmernote Media April 22, 2022
    ក្រសួងសាធារណការ ពិភាក្សាការងារជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន លើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅ ទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងឱ្យក្រុមហ៊ុន CCCC Transportation Consultants Co., Ltd តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ទាក់ទងនឹងការសិក្សា សមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់ ដោយមានការចូលរួមពីថ្នាក់ ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

    ថ្លែងនៅក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងការ ដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវទឹករបស់កម្ពុជាឱ្យមានការ តភ្ជាប់ដោយរលូន និងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជួយជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោកផងដែរ។

    បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជាសម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេ ដែលរួមមាន៖ ទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែ កម្ពុជាមិនទាន់បានទាញយកសក្កានុពលដ៏ធំធេងនៃធនធានធម្មជាតិទាំងអស់នោះមកប្រើប្រាស់ឱ្យបានក្នុងកម្រិតអតិបរមានៅឡើយនោះទេ។

    ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្គាល់ថា ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេ បាសាក់នេះ នឹងធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: