សម្តេចតេជោ ហ៊ុន សែន នឹងជួបសិស្សនិទ្ទេស A នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឲ្យបេក្ខជននិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ ចូលជួបសំដែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យបេក្ខជននិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២៧ ខែធ្នូ ឆ្នាំ២០២១ និងនាយក នាយិកាសាលា ដែលមានបេក្ខជននិទ្ទេសA ចូលជួបសំដែងការគួរសមនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក។
ចំពោះចំនួន និងសមាសភាពដែលត្រូវអញ្ជើញចូលរួមដូចមានក្នុងតារាជូនភ្ជាប់។ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តចាត់តំណាងឲ្យមកទទួលយកស្លាកឈ្មោះបេក្ខជននិទ្ទេសA និងស្លាកឈ្មោះគណៈប្រតិភូ នៅនាយកដ្ឋានកិច្ចការប្រឡង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ និងរៀបចំសម្របសម្រួលការធ្វើដំណើរ ការហូបចុក និងការស្នាក់នៅឲ្យបានល្អប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់សិស្សដែលមកពីខេត្ត។ រាល់ការចំណាយក្នុងបេសកកម្មនេះជាបន្ទុករបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តសាមី។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធាន ជ្រាប និងរៀបចំចាត់ចែងអនុវត្តតាមការគួរ ៕

ប្រភព៖ ហន ភក្តី- HAN Phakdey