ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីថ្មីមួយទៀត ដាក់សម្ពោធជាផ្លូវការ នៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ

    BY Khmernote Media April 26, 2022
    ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីថ្មីមួយទៀត ដាក់សម្ពោធជាផ្លូវការ នៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ

    ភ្នំពេញ៖ ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការស្ថានីយប្រេងឥន្ធនៈកាល់តិចទី៥០ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពី​ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួង លោក Pongtorn Tangmanuswong ប្រធានក្រុមហ៊ុន​ឈេហ្វរ៉ុន (ខេមបូឌា)​លីមីធីត មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង លោកស្រី Sim Kongkea ម្ចាស់​ស្ថានីយប្រេងឥន្ធនៈកាល់តិច​​ និងស្ថានីយបញ្ចូល​ថាមពលយានយន្ត​អគ្គិសនី។

    ថ្លែងក្នុងមតិស្វាគមន៍នាឱកាសចាប់ផ្តើមកម្មវិធី លោកប្រធានក្រុមហ៊ុន​ឈេហ្វរ៉ុន បានកត់សម្គាល់ពី​ដំណាក់​​កាលរីកចម្រើនថ្មីមួយទៀតនៅក្នុងការផ្តល់សេវារបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន​នៅក្នុងពេលបច្ចុប្បន្ន ក៏ដូចជា​នាពេលអនាគត។

    ទន្ទឹមជាមួយគ្នានោះដែរ ថ្លែងក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាមួយនឹងការគាំទ្ររបស់UNDP ក្រសួងបាន និងកំពុងធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវគោកឆ្នាំ២០២២-២០៣១។ សេចក្តីព្រាងគោលនយោបាយនេះទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងច្របាច់បញ្ចូលជាមួយគោលនយោបាយស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែក។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់ផងដែរអំពីកំណើននៃការចុះបញ្ជីយានយន្តអគ្គិសនីចំនួន៧០០%ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

    បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញជំនឿយ៉ាងមុតមាំថាការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បីដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគតនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនីត្រូវបានដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី។

    ក្រសួង ក៏មានបំណងបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីសិក្សាបន្ថែម និងអភិវឌ្ឍន៍គោលនយោបាយជាតិទូលំទូលាយមួយស្ដីពីយានយន្តអគ្គិសនី ហើយបច្ចុប្បន្ននេះអង្គការUNDPកំពុងជួយជ្រោមជ្រែងដល់ក្រសួងក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅទូទាំងប្រទេស។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថាដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការUNDPនៅទីស្តីការក្រសួងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ហើយក្រសួងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ដែលផ្ដល់ដោយអង្គការ UNDPនៅក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃស្អែក។

    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនកាល់តិចដែលបានវិនិយោគនៅកម្ពុជា ក្នុងទិសដៅពង្រីកស្ថានីយផ្តល់សេវារបស់ខ្លួនឱ្យបាន១០០ស្ថានីយក្នុងរយៈពេល៣ឆ្នាំបន្ទាប់ និងដែលបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំកន្លងទៅនិងបានជូនពរឱ្យក្រុមហ៊ុនទទួលបានជោគជ័យថ្មីៗបន្ថែមទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើធុរកិច្ចរបស់ខ្លួននៅកម្ពុជា។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ជាពិសេសសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកជាច្រើនបន្ថែមទៀតមកវិនិយោគនៅកម្ពុជាដើម្បីកសាងអនាគតកម្ពុជាកាន់តែភ្លឺស្វាងបន្ថែមទៀត៕

    Share This Post: