ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប ប្រកាសដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាប

    BY Khmernote Media April 26, 2022
    រដ្ឋបាលខេត្តសៀមរាប ប្រកាសដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាប

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

    រដ្ឋបាលខេត្តសៀមរាប​ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជានេសាទទាំងអស់នៅក្នុងខេត្តសៀមរាបឲ្យបានជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផលនៅក្នុងដែននេសាទបឹងទន្លេសាប និងក្នុងគោលបំណងគ្រប់គ្រង ប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ស្របតាមខ្លឹមសារនៃច្បាប់ស្ដីពីជលផល និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២​រដ្ឋបាលខេត្តសៀមរាប សូមជម្រាបបងប្អូនប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់មានដូចជា៖

    អួនអូសទឹកសាប អាំងវិចទ័រឆក់ត្រី ម៉ាញ់ ឈិបយន្ត កន្ត្រងអូសលៀសដោយម៉ាស៊ីន និងឧបករណ៍នេសាទដែលបង្កើតថ្មី ឬឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់ដទៃទៀត ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ជាកំហិត។

    ទន្ទឹមនឹងនេះ សូមបងប្អូនប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ថ្នាំពុល សារធាតុគីមី និងសកម្មភាពដទៃដែលបណ្ដាលឲ្យប៉ះពាល់ដល់ធនធានជលផល។ ករណីមិនអនុវត្តតាមសេចក្ដីជូនដំណឹងខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

    Share This Post: