ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខឹងរថយន្តដឹកដីបើកចង់កៀរ យកដុំថ្មគប់ទៅលើរថយន្តទាំងថ្ងៃ ត្រូវបាននគរបាលស្រុកមោងឫស្សីធ្វើការឃាត់ខ្លួន

    BY Khmernote Media April 27, 2022
    ខឹងរថយន្តដឹកដីបើកចង់កៀរ យកដុំថ្មគប់ទៅលើរថយន្តទាំងថ្ងៃ ត្រូវបាននគរបាលស្រុកមោងឫស្សីធ្វើការឃាត់ខ្លួន

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ១០ រោច ខែចេត្រ ឆ្នាំខាលនព្វស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០និង៤០នាទីព្រឹកលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

    មានករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(គប់កញ្ចក់រថយន្ត) បានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យចំនួន០២នាក់ជិះម៉ូតូចំនួន ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខបាត់ដំបង1AM0178 បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើកញ្ចក់រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ធុនបែនដឹកដី បើកបរដោយឈ្មោះ សុវណ្ណ កាស៊ី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែលរថយន្តកំពុងបើកបរលើដងផ្លូវបណ្ដាលឱ្យបែកកញ្ចក់មើលខាងក្រោយចំហៀងផ្នែកខាងឆ្វេង០១កន្លែង និងស្រាំកញ្ចក់ខាងមុខចំហៀងខាងឆ្វេងចំនួន០២កន្លែង។

    នៅពេលកើតហេតុនិងបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច ស្រាវជ្រាវនិងឃាត់ខ្លួនជនស័ង្សយទាំងពីរនាក់នោះគឺ៖

    ១.ឈ្មោះ ធីម លីណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (អ្នកបើកម៉ូតូ) ។

    ២.ឈ្មោះ វឿត ជាវៃ ភេទប្រុស អា យុ២០ឆ្នាំ រស់នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (អ្នកជិះពីក្រោយ)។

    ដកហូតវត្ថុតាងមានដុំថ្ម ដែលជនសង័្សយប្រើប្រាស់ក្នុងការធ្វើសកម្មភាពគប់លើរថយន្តនិងម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរី២០២១ ផ្លាកលេខ1AM-0178 ។ លោកវរសេនីយ៍ឯក ស គឹមឡុង បានឱ្យដឹងថា នៅក្រោយពេលធ្វើការសាកសួរជនសង័្សយបានឆ្លើយសារភាពថា គេទាំងពីរនាក់ពិតជាបានយកដុំថ្មគប់ទៅលើរថយន្តខាងលើទាំងថ្ងៃប្រាកដមែន ដោយសារគេខឹងនឹងរថយន្តនេះបើកបរចង់កៀរពួកគេដែលកំពុងជិះលើដងផ្លូវ ប៉ុន្តែខាងអ្នកបើកបររថយន្តគេមានភស្តុតាងនៅក្នុងកាមេរ៉ាដែលបំពាក់លើរថយន្តនោះមកបញ្ជាក់ថា រថយន្តរបស់គាត់មិនបានបើកបរដូចការលើកឡើងរបស់ជនសង័្សយនោះទេ។

    ទោះជាយ៉ាងណានៅពេលនេះនគរបាលស្រុកមោងឫស្សីបានឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់មកកាន់ការិយាល័យជំនាញ អនុវត្តបន្តតាមផ្លូវច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: