មណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ បានដាក់ដំណើរការជាផ្លូវការហើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ឲ្យដំណើរការជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើបហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ។

ក្នុងគោលបំណង ដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណញពេលវេលា និងកាត់ចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ក្រសួងនឹងដាក់ឲ្យដំណើរការជាផ្លូវការ “មណ្ឌលផ្ដល់សេវាសាធារណៈ” ដែលមានទីតាំងស្ថិតនៅជាន់ទី៣ នៃផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល មានអាសយដ្ឋាន ស្ថិតនៅខាងត្បូងវិមានឯករាជ្យ ផ្លូវលេខ១០០ (វិថីឯករាជ្យ) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះតទៅ។
ប្រភេទសេវាសាធារណៈដឹកជញ្ជូនផ្លូវគោក ដែលត្រូវផ្ដល់រួមមាន៖
– ប្ដូរបណ្ណបើកបរ
– ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិយានយន្ត
– ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)
ម៉ោងធ្វើការ៖
– ០៧ថ្ងៃ ក្នុង ០១សប្តាហ៍
– ០៩ព្រឹក ដល់ ០៦ល្ងាច
ព័ត៌មានបន្ថែម (មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ)៖
– (HOTLINE) 1275
អាសយដ្ឋាន៖
– ខាងត្បូងវិមានឯករាជ្យ ផ្លូវលេខ១០០(វិថីឯករាជ្យ) ភូមិ១ សង្កាត់លេខ៣ នៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT