បើផលប៉ះពាល់មិនធំហួស រាជរដ្ឋាភិបាលនឹងមានលទ្ធភាព «ដំឡើងប្រាក់ខែ» ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនៅឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក ចំនួន៥៦០នាក់ មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

ក្នុងការជួបសំណេះសំណាល សម្តេចតេជោ បានមានប្រសាសន៍ថា៖ “តាមការព្យាករណ៍សេដ្ឋកិច្ច បើសិនជាផលប៉ះពាល់វាមិនធំហួស បណ្ដាលមកពីកូវីដ-១៩ និងបណ្ដាលមកពីសង្គ្រាមរុស្ស៊ី និងអ៊ុនក្រែយ លទ្ធភាពដំឡើងបៀវត្សសម្រាប់ឆ្នាំ២០២៣គឺមាន គ្រាន់តែទំហំប៉ុណ្ណា គឺចាំគិតគ្នាតាមក្រោយ ព្រោះមិ្សលមិញបាននិយាយរួចហើយ ឯកឧត្តម គង់ វិបុល បានឲ្យដឹងថា ចំណូលគិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ចំណូលពន្ធដារសម្រេចបាន ៥៣% រួចសម្រេចទៅហើយ យើងប្រើពេលត្រឹម ៤ខែ។ ឆ្នាំទៅពន្ធដារសម្រេចលើសផែនការរហូតដល់ទៅ ១២៤%។ ឆ្នាំនេះ បើល្បឿនប្រាក់ចំណូលដែលយើងប្រមូលបាន យើងនឹងអាចផ្ដល់ឱកាសឲ្យយើងបន្ធូរបន្ថយនូវភាពតាងតឹង ហើយបង្កើននូវជំនួយឧបត្ថម្ភ ដែលយើងកំពុងតែចាយមួយឆ្នាំ ៤០លានដុល្លារ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋ ៧០ម៉ឺនគ្រួសារ ដែលប្រហាក់ប្រហែលប្រជាជនជិត ៣លាននាក់ ដើម្បីកុំឲ្យពួកគាត់ធ្លាក់ចុះក្រោមបន្ទាត់ភាពក្រីក្រក្នុងដំណាក់កាលកូវីដ-១៩ ៕”

