ម្ចាស់រថយន្តLAND CRUISER បើកបរក្នុងស្ថានភាពស្រវឹង ទៅបុកនឹងរបងសាលាថែទាំវេជ្ជសាស្ត្រ ត្រូវបានសមត្ថកិច្ចនាំយកមកផាកពិន័យ និងធ្វើកិច្ចសន្យាអប់រំណែនាំ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនសាធារណៈជនឲ្យបានជ្រាបករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២:៤៥នាទី នៅចំណុចកែងផ្លូវលេខ២៧១ លើផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក៏ដូចកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការវ៉ាសវែង និងនាំខ្លួនអ្នកបើកបររថយន្តម៉ាកLAND CRUISER ពាក់ផ្លាកលេខ ៣៤៥៦MSKពណ៌ស បើកបរក្នុងស្ថានភាពស្រវឹងទៅបុកនឹងរបងសាលាថែទាំវេជ្ជសាស្ត្រ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។
ចំពោះករណីនេះគឺជារឿងបុគ្គល ហើយមន្ត្រីរូបនេះក៏ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នាំយកមកធ្វើការផាកពិន័យតាមច្បាប់ ធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិផងដែរ ៕






