ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ពីមូលហេតុខ្វះទឹកប្រើនៅបុរីពិភពថ្មីឈូកវ៉ា២ និងដំណោះស្រាយដែលត្រូវធ្វើពេលបច្ចុប្បន្ន

    BY Khmernote Media April 29, 2022
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ពីមូលហេតុខ្វះទឹកប្រើនៅបុរីពិភពថ្មីឈូកវ៉ា២ និងដំណោះស្រាយដែលត្រូវធ្វើពេលបច្ចុប្បន្ន

    កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី បញ្ហាកង្វះទឹកស្អាត នៅបុរីពិភពថ្មីឈូកវ៉ា២ ស្ថិតក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ទីតាំង ដែលមានសមត្ថភាពផលិតទឹកស្អាតជាមធ្យម ៦០០.០០០ម៉ែតគីប/ថ្ងៃ។ ចាប់តាំងពីដើមឆ្នាំ២០២២នេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ មានការថមថយ បានធ្វើឱ្យរំហូរចូលប្រជាពលរដ្ឋ ក៏ដូចជាការវិនិយោគវិស័យសំណង់តូច-ធំ វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ឥតឈប់ឈរ ពីមួយ ថ្ងៃទៅមួយថ្ងៃ ដែលជាហេតុនាំឱ្យ មានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់លើសពីសមត្ថភាពផលិត។

    ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននឹងកំពុងពន្លឿនការងារសាងសង់ រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលនឹងគ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការផលិតទឹកស្អាតក្នុងឆ្នាំ២០២៣ ហើយអាចផលិតទឹកស្អាតបានបន្ថែម ប្រមាណ ៤០០.០០០ម៉ែគីបក្នុងមួយថ្ងៃ លើសមត្ថភាពផលិតដែលមានស្រាប់ ៦០០.០០០ម៉ែត្រថ្ងៃ។ ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិតទឹកស្អាតសរុប ១.០០០.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដើម្បីបិទបញ្ចប់នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

    ក្នុងអំឡុងពេលមានបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីឈូកវ៉ា២នេះ ក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដឹកជញ្ជូនទឹកស្អាត ទៅបំពេញធុងទឹក សម្រាប់ចែកចាយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅតំបន់នោះអាចទៅយកទឹកមកប្រើប្រាស់បានផងដែរ។ ទន្ទឹមនឹងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគិតគូរយ៉ាងយកចិត្តទុកដាក់ ដោយបានបញ្ជូនក្រុមការងារជំនាញចុះទៅសិក្សាទីតាំង និងកំពុងអនុវត្តនូវការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតពីតំបន់ផ្សេងៗ ដើម្បីបញ្ជូនទឹកទៅជួយផ្គត់ផ្គង់នៅតំបន់បុរីពិភពថ្មីឈូកវ៉ា២នេះ៕

    Share This Post: