នាយការិយាល័យនិតិវិធី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ជាក់ម្តងទៀតជុំវិញករណីភ្លើងស្តុបពណ៌ក្រហម អាចបត់ស្តាំរឺអត់?
ពលរដ្ឋមួយចំនួនធំនៅតែមិនទាន់យល់ច្បាស់ពីភ្លើងសញ្ញាចរាចរណ៍នៅតាមផ្លូវសាធារណៈ ខណៈដែលអ្នកជំនាញក៏ដូចជាមន្ត្រីចរាចរណ៍មួយចំនួនធ្លាប់បានបញ្ជាក់ម្តងជាពីរដងរួចមកហើយក្តី តែភាពចម្រូងចម្រាស់នៅតែមាន។ ភ្លើងសញ្ញាពណ៌ក្រហម តើអាចបទស្តាំបានរឺក៏អត់? នេះជាសំនួរដែលទទួលបានជាញឹកញាប់។ ដើម្បីស្រាយចម្ងល់នេះម្តងទៀត លោក សាយ សំអាត នាយការិយាល័យនិតិវិធី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់សារជាថ្មីដើម្បីជាតឹកតាងមួយដល់ក្រុមការងារសារព័ត៌មានខ្មែរណូត ដើម្បីធ្វើការចុះផ្សាយជូនដល់សាធារណជនបានយល់កាន់តែច្បាស់ថា៖

«ចំពោះភ្លើងសញ្ញាពណ៌ក្រហម ដែលដាក់នៅលើផ្លូវបំបែក ជាភ្លើងក្រហមដែលគ្មានសញ្ញាព្រួញ អ្នកបើកបរដែលនៅខាងមុខ អាចបត់ស្តាំបាន ក្នុងករណីដែលនៅខាងមុខហ្នឹងគ្មានឧបសគ្គ។ ប៉ុន្តែក្នុងករណីភ្លើងសញ្ញាពណ៌ក្រហមនោះជាភ្លើងសញ្ញាមានសញ្ញាព្រួញ ទោះបីជាអ្នកបើកបរនោះនៅខាងមុខគេ ហើយគ្មានឧបសគ្គក៏ដោយក៏មិនអាចបត់ស្តាំបានដែរ»។

អាចបត់ស្តាំបានបើគ្មានឧបសគ្គនៅខាងមុខ

មិនអាចបត់ស្តាំជាដាច់ខាត
គួរបញ្ជាក់ផងដែរថា បទសម្ភាសន៍របស់លោក សាយ សំអាត នាយការិយាល័យនិតិវិធី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយនឹងក្រុមការងារសារព័ត៌មានខ្មែរណូត បានធ្វើឡើងនៅក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក» ដែលរៀបចំឡើងដោយក្រុមហ៊ុន E-GetS កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ៕

