ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ផលិតផលបំប៉នសុខភាពទាំងនេះជាបន្ទាន់ ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលបំប៉នសុខភាព SHEEP PLACENTA COMPLEX និងGOLDEN ALASKA SEA FISH OIL ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

ក្រសួងសុខាភិបាល សូមជម្រាបសាធារណជនទាំងអស់ជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ ១.Usvita Shopping ២.Usvita កំពុងផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាពឈ្មោះ ១.SHEEP PLACENTA COMPLEX ២.GOLDEN ALASKA DEEP SEA FISH OIL និងផលិតផលបំប៉នសុខភាពមួយចំនួនទៀតគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវមានពីរផ្នែក៖ ១.ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២.ផ្នែកខាងក្រោមមានលេខ បញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកាខាងលើ និងឈប់ប្រើប្រាស់ផលិតផលទាំងនេះជាបន្តទៀត ព្រោះផលិតផលទាំងនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើអោយមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ទៀតផង។
ម្ចាស់់គណនីបណ្ដាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬ ផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជិកាទាំងអស់ខាងលើជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកាទាំងអស់ខាងលើ ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕


