គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង សម្រេចបានប្រមាណជា ៦០ភាគរយហើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និងធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។

គម្រោងបាក់ខែងនេះមានសមត្ថភាពផលិតសរុប ៣៩០.០០០ម៣/ថ្ងៃ ត្រូវបានបែងចែកជា ២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ និង ជំហានទី២ សមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consulting Engineers។
នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ សម្រេចបានប្រមាណជា ៦០% នៃគម្រោងជំហានទី១ ដោយក្នុងនោះយើងបានបែងចែកការដ្ឋានជាបីផ្នែកធំសំខាន់ៗ៖
-ផ្នែកទី១ ការដ្ឋានសាងសាង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត (អាងទទួល, អាងកូរយឺត-លឿន, អាងរងកករ, អាងច្រោះ, អាងស្តុកទឹក, អគារដាក់វត្ថុធាតុដើម, អគារក្ល័រ, មន្ទីរពិសោធ៍ទឹក, ស្ថានីយបូមទឹកស្អាត និងអគាររដ្ឋបាល) សម្រេចបាន ៥០% ។
ផ្នែកទី២ ការដ្ឋានស្ថានីយបូមទឹកល្អក់៖
-ការងារសាងសង់ស្ថានីយបូមទឹកល្អក់ សម្រេចបាន ៥៥% ។
-ការងារដាក់បំពង់មេនាំទឹកល្អក់ទំហំ ១៤០០ ចំនួន ២ខ្សែ សម្រេចបាន ៤៥% ។
ផ្នែកទី៣ ការដ្ឋានដាក់បំពង់មេនាំទឹកស្អាត៖
-ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មមម ប្រវែង ៧គម សម្រេចបាន ៩០% ។
-ការងារខួងក្រោមបាតទន្លេសាបដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មម សម្រេចបាន ៥០% ។
ចំណែកឯ ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ ក៏កំពុងដំណើរការអនុវត្តស្របពេលជាមួយគ្នាផងដែរ ដោយបច្ចុប្បន្នការងារសាងសង់រោងចក្រនេះ សម្រេចបានប្រមាណជា ៣៧%។
ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ទៅលើការផ្គត់ផ្គង់ទឹកស្អាត ដោយបានខិតខំជម្រុញពន្លឿនការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ ឱ្យបានទាន់តាមផែនការដែលបានគ្រោងទុក ក៏ដូចជាការសិក្សាផែនការមេរហូតដល់ឆ្នាំ២០៣០ ដើម្បីបំពេញនូវសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ៕






ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority