ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន១៧៥៣នាក់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលបានធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ឱ្យដឹងថា ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២, ០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប១១៤,១៨៣នាក់ ) ។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២,៤៣០នាក់), និទ្ទេស C មានចំនួន ១១,៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥,៨៤៧នាក់), និទ្ទេស D មានចំនួន ២៣,៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤,១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦,២៣២នាក់)។
សិស្សដែលទទួលបាននិទ្ទេស A ក្នុងរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ដោយម្នាក់ទទួលបានថវិកាម្នាក់២លានរៀល, សៀវភៅអប់រំទូន្មាន ២ក្បាល(សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ)និងបណ្ឌិត អ៊ូ ចុង), Galaxy Tab ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ(បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយកពីប្រទេស ហូឡង់មកវិញ) ចំនួន១ និង ប្រាក់កាក់មាស ក្នុងម្នាក់ទទួលបាន ១ ផងដែរ។
ចំពោះលោកគ្រូអ្នកគ្រូដែលជានាយកសាលាបានអញ្ជើញចូលរួម ដែលម្នាក់ៗទទួលបានថវិកាចំនួន ១លានរៀលជាមួយសៀវភៅអប់រំទូន្មាន២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ)និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១ គ្រឿងនិងប្រាក់កាក់មាសដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ម្នាក់១ ផងដែរហើយសាលានីមួយៗដែលមានសិស្សជាប់និទ្ទេស(A) គឺក្នុងមួយសាលាទទួលបានថវិការ៣លានរៀល ៕



ប្រភព៖ ក្រសួងព័ត៌មាន