ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាល​ខេត្តកំពង់ចាម​ជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៧ រយៈពេលមួយព្រឹកនៅថ្ងៃទី០៩ ខែឧសភា

    BY Khmernote Media May 7, 2022
    រដ្ឋបាល​ខេត្តកំពង់ចាម​ជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៧ រយៈពេលមួយព្រឹកនៅថ្ងៃទី០៩ ខែឧសភា

    យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីសម្រួលដល់ក្បួនដង្ហែសពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ពីគេហដ្ឋានសព ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទៅបញ្ចុះនៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ និងមានវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងឥស្សរជនជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដង្ហែសពពីគេហដ្ឋានសព ឆ្ពោះទៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ចេញពីគេហដ្ឋានកាត់តាមផ្លូវព្រះមុនីវង្ស កាត់តាមគល់ស្ពានគីហ្សូណា ឆ្ពោះទៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស តាមបណ្តោយផ្លូវជាតិលេខ៧។

    ដើម្បីបញ្ចៀសបាននូវការកកស្ទះ ក៏ដូចជាបង្កការរំខានណាមួយដល់ក្បួនដង្ហែ រដ្ឋបាលខេត្តកំពង់ចាម សូមផ្អាកចរាចរណ៍ជាបណ្តោះអាសន្នកំណាត់ផ្លូវលេខ៧ ចាប់ពីរង្វង់មូលគល់ស្ពានគីហ្សូណា ដល់រង្វង់មូលត្រើង ឃុំអូរស្វាយ ស្រុកកំពង់សៀម ចាប់ពីម៉ោង ៦.០០នាទីព្រឹក ដល់ម៉ោង ១០.០០នាទីព្រឹក។

    ចំពោះបងប្អូនប្រជាពលរដ្ឋ សាធារណជន និងបងប្អូនម្ចាស់យានយន្តគ្រប់ប្រភេទ ដែលនឹងធ្វើដំណើរចូលមកក្រុងកំពង់ចាម តាមផ្លូវជាតិលេខ៧ ឬផ្លូវជាតិ៧១ ត្រូវវាងតាមផ្លូវលេខ៧០ តាមផ្សារព្រៃទទឹង និងផ្លូវខេត្តលេខ២៧០ ឆ្លងកាត់តាមពាមជីកង ស្រុកកងមាស។ សម្រាប់បងប្អូនដែលធ្វើដំណើរតាមខេត្តត្បូងឃ្មុំ ឆ្ពោះទៅចូលមកកាន់ក្រុងកំពង់ចាម ឬទៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប ត្រូវឆ្លងតាមផ្លូវបេតុង ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ឆ្ពោះទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ កាត់តាមស្រុកចំការលើ ឬត្រូវបង្វែរទិសទៅទៅតាមផ្លូវជាតិលេខ១១ ឆ្ពោះទៅផ្លូវជាតិលេខ ៨វិញ៕

    Share This Post: