ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ និងសិក្សាដោយផ្ទាល់លើជំនាញដុតនំ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងលេខ១៨៥ សជណ.អគឧ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ស្តីពី វគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ និងសិក្សាដោយផ្ទាល់លើជំនាញដុតនំ។

ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងអភិវឌ្ឍសមត្ថភាពថ្មីដល់អ្នកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ ជាពិសេសជំនាញដុតនំ ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជាសមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ឲ្យបានជ្រាបថា ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Willmar CLV នឹងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមប្រព័ន្ធអនឡាញ និងសិក្សាដោយផ្ទាល់ លើជំនាញដុតនំ។
វគ្គបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមសិក្សាពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ (រាល់រៀងថ្ងៃសុក្រ) បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ អាចធ្វើការចុះឈ្មោះ៖
-សិក្សាដោយផ្ទាល់ (សិក្ខាកាមមានចំនួនកំណត់)
តាមនាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈលេខទូរស័ព្ទ 078 899 919/ 096 495 2791 ៕

ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia