សទ្ធាជ្រះថ្លាមែន! សប្បុរសជនប្រគេនរថយន្តមែកសឺដែសស៊េរីទំនើបឆ្នាំ២០២២ ចំពោះព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ទុកនិមន្ដធ្វើដំណើរសម្ដែងធម៌ផ្លូវឆ្ងាយ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ បានឲ្យដឹងថា ថ្ងៃច័ន្ទ ៩កើត ខែវិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា គ.ស. ២០២២ សប្បុរសជន ឯកឧត្តម តែ ឡូរិន និងលោកជំទាវ កៅ គន្ធា ព្រមទាំងបុត្រ មានសទ្ធាជ្រះថ្លាបានប្រគេនរថយន្ដ (ឡាន) ម៉ាក Mercedes-Benz V250 AMG Line ឆ្នាំ២០២២ ចំពោះព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង ខេត្តសៀមរាប ។

វត្ថុគោលបំណងដែល ឯកឧត្តម និងលោកជំទាវ គឺដោយសារមានសទ្ធាជ្រះថ្លាជឿកជាក់ក្នុងព្រះពុទ្ធសាសនា និងដើម្បីជួយសម្រួលក្នុងការនិមន្ដធ្វើដំណើររបស់ព្រះអង្គគ្រូ ព្រះមហា ទៅទីជិតទីឆ្ងាយគ្រប់ខេត្តនានារាប់រយគីឡូក្នុងការនិមន្ដទៅសម្ដែងធម៌តាមត្រូវការរបស់ញាតិញោមពុទ្ធបរិស័ទតាមរោងពិធីបុណ្យទាននានាទាំងជិតឆ្ងាយ ជាប្រក្រតីមិនដែលអាក់ខានឡើយ ក្នុងប្រយោជន៍ដែលព្រះអង្គគ្រូ តែងតែមានភាពវិរិយក្នុងការជួយផ្សព្វផ្សាយនូវព្រះពុទ្ធវចនៈ ដល់ជនានុជនទាំងឡាយ ដើម្បីបានជាប្រយោជន៍ជាសេចក្ដីតែម្យ៉ាងគឺជួយឱ្យមនុស្សជាតិបានទទួលការយល់ដឹង និងរលាស់ខ្លួនផុតពីអវិជ្ជាពោលគឺសេចក្ដីល្ងង់ ។
ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា យានទោ សុខទោ ហោតិ មានន័យថា អ្នកឱ្យយាន ឈ្មោះថាឱ្យនូវសេចក្ដីសុខ ។ ដើម្បីធ្វើការតបស្នងនិងសទ្ធាជ្រះថ្លាដ៏វិសេសវិសាលយ៉ាងក្រៃលេងរបស់ ឯកឧត្តម និងលោកជំទាវ ព្រះមហាវិមលធម្ម ក៏បានអនុគ្រោះទទួលយកនូវយានទាន និងរីករាយត្រេកអរអនុមោទនាចូលរួមបំពេញសទ្ធាជាមួយនិង ឯកឧត្តម និងលោកជំទាវ ។ ជាកិច្ចចុងក្រោយ សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន រកស៊ីទទួលទានមានបាន សេពគបជួបតែពួកជនសប្បុរសរហូត និងជួបតែពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ ។
សូមអនុមោទនា !👏👏👏