ត្រឹមលឺគេថាសោះ បែរជាចូលទៅខំមិនក្នុងផេកស្នងការបែបនេះ ចុងក្រោយត្រូវបានស្នងការកោះហៅចូលខ្លួនមកបំភ្លឺ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាសុំទោសជាសាធារណៈ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានសេចក្តីបកស្រាយបំភ្លឺព័ត៌មាន និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការខំមិនព័ត៌មានគ្មានប្រភពច្បាស់លាស់ និងជាព័ត៌មានមិនពិតត្រឹមលឺគេថាសោះ បែរជាយកមកខំមិនចូលផេកស្នងការ នៅព័ត៌មានមិនពិត ដែលធ្វើឱ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ។

បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកឈ្មោះ ប៉ា សុណាវីន ខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារថា “ម្តុំខ្ញុំឥឡូវយប់ៗឡើងសំបូរចោរដើរលួចតាមបន្ទប់ជួលណាស់ ប្រទះអីលួចហ្នឹង ហើយពួកវាមុននឹងលួចវាដើរចង់ពីខាងក្រៅបន្ទប់មិនអោយចេញរួចនោះ។ទីតាំងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ” ភ្លាមនោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង និងស្វែងរកគណនីហ្វេសប៊ុកខាងលើ មកបកស្រាយបំភ្លឺលើករណីនេះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការកោះហៅគណនីហ្វេសប៊ុកខាងលើ មានឈ្មោះ ប៉ា សុណាវីន ភេទប្រុស មកចូលខ្លួនមកបំភ្លឺ ម្ចាស់គណនីហ្វេសបុករូបនេះ បានសារភាពថា រូបខ្លួនបន្ទាប់ពីលឺគេនិយាយ ក៏បានយកទៅខំមិន ដែលមានខ្លឹមសារខាងលើជាព័ត៌មានមិនពិត ដោយគ្មានប្រភពច្បាស់លាស់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យា ដោយបានធ្វើការសុំទោសជាសាធារណៈរួច សមត្ថកិច្ចបានអនុញ្ញាតឲ្យបុគ្គលរូបនេះត្រឡប់ទៅផ្ទះវិញ ៕



