បច្ចេកវិទ្យា

ក្រុមហ៊ុន Apple ប្រកាសឈប់ផលិត iPod ទៀតហើយ ក្រោយឈរជើងលើទីផ្សារអស់រយៈពេល ២០ឆ្នាំ កន្លងមក

BY
autoadmin
May 11, 2022

ក្រុមហ៊ុន Apple ទើបតែបានប្រកាសពីចុងបញ្ចប់នៃខ្សែផលិតផលដ៏សំខាន់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនគឺ iPod touch ខណៈដែល iPod touch ដែលកំពុងលក់តាមហាងនានាគឺជា «ការផ្គត់ផ្គង់ចុងក្រោយ» គ្មានការផលិតថ្មីទៀតទេ។ ក្រុមហ៊ុននិយាយថា «ព្រលឹង iPod» នៅតែបន្តនៅក្នុងផលិតផលផ្សេងទៀត រួមទាំង iPhone, iPad និង Apple Watch។ ការពិតទៅ ការផ្លាស់ប្តូរនេះត្រូវបានរំពឹងទុកជាយូរមកហើយ នៅពេលដែល Apple បានអាប់ដេត iPod touch លើកចុងក្រោយក្នុងឆ្នាំ២០១៩ ហើយវាគ្រាន់តែជាការផ្តល់នូវដំណើរការលឿនជាងមុន នៅក្នុងការរចនាដែលមិនមានការផ្លាស់ប្តូរជាមូលដ្ឋានចាប់តាំងពីឆ្នាំ២០១២។

iPod មិនបានដើរតួនាទីសំខាន់នៅក្នុងយុទ្ធសាស្ត្រផលិតផលរបស់ Apple អស់រយៈពេលជាយូរមកហើយ ហើយវាក៏គ្រាន់តែជាផលិតផលពិសេសមួយ ដែលមានគោលបំណងសម្រាប់កុមារ និងអ្នកដែលមិនចង់ប្រើទូរសព្ទ សម្រាប់ការបញ្ជាពីចម្ងាយ ឬការហាត់ប្រាណ ប៉ុន្តែមុខងារទាំងនេះអាចរកបាននៅក្នុងឧបករណ៍របស់ Apple ដទៃទៀត។ រំលឹកដែរថា ក្រុមហ៊ុន Apple បានឈប់ផលិត iPod classic នៅក្នុងឆ្នាំ២០១៤ ហើយបានលុបចោលទាំង iPod nano និង iPod shuffle ក្នុងឆ្នាំ២០១៧។

ទោះបីជាយ៉ាងនេះក្តី វាជាពេលវេលាដ៏ក្រៀមក្រំមួយ នៅក្នុងប្រវត្តិសាស្រ្ត ២០ឆ្នាំ របស់ក្រុមហ៊ុន Apple ព្រោះថា iPod touch គឺជាម៉ូដែលចុងក្រោយ ដែលនឹងបិទជំពូកត្រកូល iPod ចេញពីទីផ្សារទាំងអស់។ ក្រុមហ៊ុនបានណែនាំ iPod ដំបូងក្នុងខែតុលា ឆ្នាំ២០០១ នៅពេលដែលក្រុមហ៊ុននេះពឹងផ្អែកខ្លាំងលើកុំព្យូទ័រ និងស្ថិតក្នុងមូលដ្ឋានហិរញ្ញវត្ថុយ៉ាប់យ៉ឺន ព្រោះពួកគេត្រូវប្រឈមនឹង Windows នៅក្នុងទីផ្សារ។ យ៉ាងណា Apple បានរកឃើញរូបមន្តសម្រាប់ម៉ាស៊ីនចាក់ MP3 ដែលងាយស្រួលប្រើ ដូច្នេះវាបានធ្វើការងារដ៏ល្អក្នុងការធ្វើទីផ្សារគំនិតនោះដល់អតិថិជននៅជំនាន់នោះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge

Share This Post: