ទិវាកាកបាទក្រហមកម្ពុជាឆ្នាំនេះទទួលថវិកាពីសប្បុរស ជនជាតិ និងអន្តរជាតិ ជាង ១៦ លានដុល្លារ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចតេជោបញ្ជាក់ថា ក្នុងទិវាកាកបាទក្រហម ៨ ឧសភា ឆ្នាំ២០២២ កាកបាទ ក្រហមកម្ពុជា បានទទួលថវិកាពីសប្បុរសជនជាតិ និងអន្តរជាតិ ជាង ១៦លានដុល្លារសហរដ្ឋអាមេរិក សម្រាប់យកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌នៅទូទំាងប្រទេស។

តាមរយៈសារសំឡេងនារសៀលថ្ងៃទី១០ ឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទិវាកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៩ ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» កាកបាទក្រហមកម្ពុជា ប្រមូលមូលនិធិបានជាង ១៦លានដុល្លារសហរដ្ឋ អាមេរិក ដែលនេះជាចំនួនមួយដ៏ច្រើនក្នុងពេលវេលានៃដំណាក់កាលវិបត្តិកូវីដ-១៩។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណថ្វាយព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រមទាំងសប្បុរសជនជាតិ-អន្តរជាតិ ដែលបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ និងបរិច្ចាគថវិកា ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា សម្រាប់បន្តប្រើប្រាស់ក្នុងការជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
«កាកបាទក្រហមកម្ពុជា ក្នុងទិវាកាកបាទក្រហមអន្តរជាតិ គឺបានទទួលជំនួយថវិការហូត ទៅដល់ជាង១៦លានដុល្លារសហរដ្ឋអាមេរិក នេះអាចចាត់ទុកបានថា ជាការទទួលមួយដ៏ធំនៅ ក្នុងពេលវេលាមួយនៅក្នុងដំណាក់កាលកូវីដ ដែលយើងមិនអាចធ្វើពិធីទិវាបាន ប៉ុន្តែបែរជាសប្បុរសជន គឺបាន ចូលរួមវិភាគទានសម្រាប់កាកបាទក្រហមកម្ពុជាយ៉ាងល្អប្រសើរដូចនេះខ្ញុំសូមអរ ព្រះគុណចំពោះព្រះ
មហាក្សត្រ ចំពោះហ្លួងម៉ែ ចំពោះឯកឧត្តមលោកជំទាវអ្នកឧកញ៉ា ក៏ដូចជាបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមជាមួយកាកបាទ ក្រហមកម្ពុជា ដែលផ្តល់ឱកាសឱ្យកាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌សម្រាប់ជួយជនក្រីក្របន្តទៅទៀត។»
គួរជម្រាបថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភាតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ និងមានសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទ ក្រហមកម្ពុជា សម្រាប់យកទៅធ្វើសកម្មភាពមនុស្សធម៌ដោះស្រាយការលំបាកជូន ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះនៅទូទំាងប្រទេស ខណៈកាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជំនួយសង្គ្រោះ និងធ្វើជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្នុងប្រទេសកម្ពុជា ដោយមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានប្តេជ្ញាដង្ហែតាមព្រះរាជគន្លងវីរគំរូមនុស្សធម៌ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បសុខុមាលភាពប្រជាពលរដ្ឋរង គ្រោះនិងងាយរងគ្រោះបំផុត ៕

ប្រភព៖ ក្រសួងព័ត៌មាន