អគ្គនាយកដ្ឋានពន្ធដារ ជូនដំណឹងកុំឲ្យពាក់ព័ន្ធមនុស្សមួយក្រុមនេះ ដែលបង្ហោះរូប និងស្លៀកពាក់ឯកសណ្ឋានធ្វើជាមន្ត្រីពន្ធដារ ព្រោះអ្នកទាំងនោះ មិនមែនជាមន្ត្រីពន្ធដារ ឬជាមន្ត្រីជាប់កិច្ចសន្យាឡើយ ដើម្បីកុំឲ្យមានការឆបោកណាមួយ
នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងថា មានមនុស្សមួយក្រុមដែលក្នុងនោះបានប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងគណនីក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលមានឈ្មោះ Thyrith Sochantha, Thirith Kong, ហម ផល្គុន និង Princess Small បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួនដោយមានសកម្មភាពដូចជា៖ ស្លៀកពាក់ឯកសណ្ឋានដែលមានទម្រង់ជាមន្ត្រីរាជការពន្ធដារ, បង្ហោះរូបភាពក្នុងឯកសណ្ឋាន ឬមានពាក់កាតសម្គាល់អង្គភាពនៅមុខរដ្ឋបាលខេត្តមួយចំនួន ហើយគណនី Thyrith Sochantha និង Princess Small ក៏បានបង្ហាញក្នុងគណនីរបស់ខ្លួនថា កំពុងបម្រើការនៅអគ្គនាយកដ្ឋានពន្ធដារ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការជូនដំណឹងដល់សាធារណជនទាំងអស់ និងអ្នកជាប់ពន្ធ មេត្តាជ្រាបថា មនុស្សមួយក្រុមនេះ មិនមែនជាមន្ត្រីរាជការពន្ធដារ ឬជាមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពក្រោមឪវាទនៃអគ្គនាយកដ្ឋានពន្ធដារណាមួយឡើយ។ ករណីនេះគឺជាករណីប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ ឯកសណ្ឋានក្នុងគោលដៅទុច្ចរិតណាមួយ ដូចជាការក្លែងបន្លំ ឬឆបោក សាធារណជនឬអ្នកជាប់ពន្ធ តាមរូបភាពណាមួយជាយថាហេតុ និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងនូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងការបំពេញការងារស្របច្បាប់របស់អគ្គនាយកដ្ឋានពន្ធដារ។ បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកជូនសាធារណជន និងអ្នកជាប់ពន្ធ សូមចៀសវាងការពាក់ព័ន្ធជាមួយមនុស្សមួយក្រុមនេះ ដើម្បីកុំឲ្យមានការឆបោកក្លែងបន្លំ ឬកេងប្រវ័ញ្ច ក្នុងរូបភាពណាមួយជាយថាហេតុ និងសូមលើកទឹកចិត្តដល់សាធារណជន និងអ្នកជាប់ព័ន្ធ ដែលទទួលបានព័ត៌មានពីការក្លែងបន្លំខាងលើ សូមរាយការណ៍មកអគ្គនាយកដ្ឋានពន្ធដារ តាមរយៈលេខទូរស័ព្ទ ១២៧៧។
