ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល៤ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពន្ធដារប្រមាណ៥៣ភាគរយ ស្របពេលដែលចរន្តសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ

    BY Khmernote Media May 12, 2022
    រយៈពេល៤ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពន្ធដារប្រមាណ៥៣ភាគរយ ស្របពេលដែលចរន្តសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា រយៈពេល៤ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពន្ធដារប្រមាណ៥៣ភាគរយ ស្របពេលដែលចរន្តសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ គិតជាទឹកប្រាក់មានចំនួនប្រមាណ ២ពាន់លានដុល្លារអាមេរិក។

    ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណ២ពាន់នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅពេលវិបត្តិនៃជំងឺកូវីដ-១៩បានមកដល់ ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះពី៧ភាគរយនៅឆ្នាំ២០១៩ មករហូតដល់-២,១ភាគរយ ដែលនេះជាការធ្លាក់ចុះមួយដ៏អាក្រក់សម្រាប់កម្ពុជា ។ ជាមួយគ្នានោះ ក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានខិតខំរើបម្រាស់ ដែលត្រឹមខែតុលា ឆ្នាំ២០២១ កម្ពុជាអាចបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញជាបណ្តើរៗ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនដល់៣ភាគរយ ជាមួយនឹងអតិផរណាទាប ។

    សម្តេចតេជោ មានប្រសាសន៍បន្តថា ក្នុងឆ្នាំ២០២២នេះ កម្ពុជារំពឹងថា នឹងមានកំណើនសេដ្ឋកិច្ច តាមការព្យាករណ៍គ្រោងមានចំនួន៦,៦ភាគរយ ក៏ប៉ុន្តែដោយសារតែឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចសកលត្រូវទម្លាក់ចុះជាបន្តបន្ទាប់ ហើយតាមរយៈនៃការព្យាករណ៍របស់ IMF និងធនាគារពិភពលោក ដូច្នេះសេដ្ឋកិច្ចកម្ពុជាក៏មានការផ្លាស់ប្តូរទៅតាមផងដែរ ព្រោះកាលណាមានការទម្លាក់សេដ្ឋកិច្ចសកលហើយនោះ វាក៏មាន ផលប៉ះពាល់ដល់កម្ពុជាដូចគ្នា ។

    សម្តេចតេជោ មានប្រសាសន៍បន្ថែមថា ដូច្នេះកម្ពុជាត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃថានឹងមានកំណើនត្រឹមតែ៥,២ភាគរយប៉ុណ្ណោះ ប៉ុន្តែបើកម្ពុជាបានចំនួន៥,២ភាគរយ ក៏មិនមានអ្វីអាក្រក់នោះទេ ខណៈដែលថវិកាជាតិសម្រាប់រយៈពេល៤ឆ្នាំ២០២២នេះត្រឹមតែក្នុងវិស័យពន្ធដារតែប៉ុណ្ណោះ កម្ពុជាសម្រេចបានរហូតដល់៥៣ភាគរយ ដែលនេះគឺជាផ្នែកមួយក្នុងថវិកាជាតិសម្រាប់ឆ្នាំ២០២២ ។

    « ខ្ញុំនិយាយតែពីបញ្ហាពន្ធដារមួយគត់ ៤ខែយើងសម្រេចបានដល់៥៣ភាគរយ បានសេចក្ដីថា យើងក៏រកបានជាង២ពាន់លានដុល្លារដែរ ។ សម្រាប់ប្រទេសតូចមួយផ្នែកពន្ធដារផ្ទៃក្នុង រកបានជាង២ពាន់លានដុល្លារមិនមែនជារឿងតូចទេ ចរន្តសេដ្ឋកិច្ចដើរឡើងវិញ នៅពេលដែលដើរឡើងវិញ អ្នកបង់ពន្ធក៏ត្រូវតែបង់បានច្រើនដែរ ចំណែកពន្ធគយ ក៏ចាប់ផ្តើមមានកំណើន ដោយ សារមានតម្រូវការក្នុងស្រុកពន្ធគយក៏មានកំណើនទៅតាមនោះដែរ ដូច្នេះក្នុងរយៈពេលមួយឆ្នាំនេះ ខ្ញុំគិតថាថវិការបស់យើងមិនពិបាកពេកនោះទេ ប៉ុន្តែខ្ញុំសូមជម្រាបថា យើងក៏មានតម្រូវការចិញ្ចឹមប្រជាពលរដ្ឋរបស់យើងប្រមាណ៧០ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនជិត៣លាននាក់ ដែលរាជរដ្ឋាភិបាលត្រូវបញ្ចេញថវិកា មួយខែសម្រាប់ប្រជាពលរដ្ឋក្រីក្រ ប្រមាណជា៤០លានដុល្លារផងដែរ » ។

    សម្តេចតេជោបានថ្លែងបន្ថែម ទៀតថា អត្រានៃភាពក្រីក្ររបស់កម្ពុជាបើវាស់តាមស្តង់ដាររបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០១៩ ប្រជាជនកម្ពុជាដែលស្ថិតក្រោមបន្ទាត់ក្រីក្រមានចំនួនតែ៨ភាគរយប៉ុណ្ណោះ ដូច្នេះទាមទារឱ្យរាជរដ្ឋាភិបាលត្រូវជួយឧបត្ថម្ភដល់ពួកគាត់ ក្នុងពេលមានវិបត្តិកូវីដ១៩នេះ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: