ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ថ្ងៃនេះ រាជរដ្ឋាភិបាលប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន

    BY Khmernote Media May 13, 2022
    អបអរសាទរ! ថ្ងៃនេះ រាជរដ្ឋាភិបាលប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន

    ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានប្រកាសថា ខេត្តព្រៃវែង ជាខេត្តអស់មីន ហើយនេះគឺជាថ្ងៃប្រវត្តិសាស្រ្តមិនត្រឹមតែសម្រាប់ប្រជាជនខេត្ត​ព្រៃវែង​ប៉ុណ្ណោះទេ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជាទាំងមូល ក្នុងការអបអរសាទរ​ខេត្ត​ព្រៃវែង ជាខេត្តអស់មីន។

    ការប្រកាសនេះ ក្នុងពិធីអបអរសាទរការប្រកាស​ខេត្ដ​ព្រៃវែង ជាខេត្ដអស់មីន ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រៃវែង នាថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្រុមប្រឹក្សាខេត្ត តំណាងដៃគូអភិវឌ្ឍន៍ តំណាង​ស្ថានទូតប្រចាំនៅកម្ពុជា ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ វិស័យឯក​ជន និង​មន្រ្តីរាជការជុំវិញ​ខេត្ត ក្រោមការជួយគាំទ្រពីសភាពាណិជ្ជកម្មអាម៉េរិកប្រចាំ​នៅ​កម្ពុជា (AmCham) និងប្រតិបត្តិការបោសសម្អាតដោយកងកម្លាំងនៃមជ្ឈមណ្ឌល​ជាតិគ្រប់​គ្រង​កង​កម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC)។ នេះបើតាម​ហ្វេស​ប៊ុកផ្លូវការរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ។

    ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បានថ្លែងអំណរចំពោះរដ្ឋបាលខេត្តព្រៃវែង និង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិ​ការណ៍ដ៏មានសារៈសំខាន់នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវត្ត​មានពីគ្រប់ភាគីពាក់​ព័ន្ធទាំងអស់ ដែលបានចូលរួមអបអរសាទរចំពោះសមិទ្ធផលសម្រេច​បានជាប្រវត្តិសាស្រ្ត​ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន ឱ្យអស់ពីខេត្តព្រៃវែង។ ឯកឧត្ដមបានលើកឡើងថា ទោះបីខេត្ត​ព្រៃវែង ត្រូវបានប្រកាសជាខេត្តអស់មីន ប៉ុន្តែខេត្ត​ព្រៃវែង នៅទទួលរងគ្រោះដោយសារគ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាច្រើនទៀត លើផ្ទៃដីប្រមាណ ១៦៤ គីឡូម៉ែត្រក្រឡា សរុប ១ ២៩៨ ចម្ការគ្រាប់ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាបន្តចាត់វិធានការដោះស្រាយ និងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះទាំងនោះ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព​ខ្ពស់។

    ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាប្រជាជនខេត្តព្រៃវែង ឯកឧត្ដម​ទេសរដ្ឋមន្រ្ដីសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនចំពោះ សម្តេចតេជោ នាយក​រដ្ឋ​មន្ត្រី ដែលបានដឹកនាំបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងទទួលបានសុខ​សន្តិភាព​ពេញ​លេញទូទាំងប្រទេស ក្រោមនយោបាយ ឈ្នះ ឈ្នះ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានអះអាងថា ការបញ្ចប់សង្គ្រាមនេះ បានបើកទ្វារឱ្យ​រាជរដ្ឋាភិ​បាល​កម្ពុជា ដោយមានការចូលរួមពី​ប្រទេស​ជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ មានលទ្ធភាពគ្រប់គ្រាន់​ក្នុងការ​ដោះ​ស្រាយការគំរាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះទាំងនោះ ប្រកបដោយ​ប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។

    ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏បានវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ និង​ប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីន​មនុស្ស​ធម៌ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្រ្តាលី អាល្លឺម៉ង់ ន័រវែស ស្វីស ចិន កាណាដា ណូវែលសេឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ ហុងគ្រី UNDP និង UNICEF ព្រម​ទាំង​មូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។

    ជាមួយនឹងការបន្តកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្កមទេសរដ្ឋមន្រ្ដី លី ធុជ បានបញ្ជាក់បន្ថែមថា អាជ្ញាធរមីន បាននិង​កំពុង​ពិចារណា និងពិនិត្យលទ្ធភាពស្វែងរកដៃគូ និង​សប្បុរជន​នានា ដើម្បីធ្វើការបោស​សម្អាត​មីនឱ្យអស់ដែលបានដឹងលើខេត្តចំនួន ០៥ ដែលមានប៉ះ​ពាល់តិចជាងគេ រួមមាន ៖ ១. ខេត្ត​កំពង់ចាម មានផ្ទៃដី ៩៨ ហិកតា ២. ខេត្តព្រះសីហនុ មានផ្ទៃដី ១៧៤ ហិកតា ៣. ខេត្ត​រតនគិរី មានផ្ទៃដី ២៧៥ ហិកតា ៤. ខេត្តកំពង់ឆ្នាំង មានផ្ទៃដី ៣២៨ ហិកតា និង៥. ខេត្ត​តាកែវ មានផ្ទៃដី ៣៦៣ ហិកតា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: