ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះជាថ្ងៃទី៧ជាប់គ្នាហើយ ដែលកម្ពុជាមិនមានករណីឆ្លងកូវីដ១៩ ជាបន្តទៀត

BY
Khmernote Media
May 14, 2022

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃទី៧ជាប់គ្នាហើយ ដែលកម្ពុជាមិនមានករណីឆ្លងកូវីដ១៩ ជាបន្តទៀត ដែលនេះគឺជាជោគជ័យធំណាស់ ផ្ដើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង ក្នុងដំណើរការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩។

ក្នុងសារជាសម្លេងនាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ផ្ញើជូនជនរួមជាតិ សម្ដេចតេជោថ្លែងថា ថ្ងៃនេះសម្ដេចបានទទួលព័ត៌មានពីទីក្រុងភ្នំពេញបញ្ជាក់អំពីការមិនមានកូវីដ១៩ ជាបន្តទៀតក្នុងរយៈពេល៧ថ្ងៃជាប់គ្នាកន្លងទៅនេះ។ នេះគឺជាជោគជ័យធំណាស់ ដែលផ្ដើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង ក្នុងដំណើរការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩។

ទោះបីជាយ៉ាងណាក៏សម្ដេចតេជោនៅតែបន្តការអំពាវនាវចំពោះប្រជាពលរដ្ឋ បើទោះបីជាពេលនេះមិនមានការឆ្លងកូវីដ១៩ ក៏ដោយចុះ ក៏ប៉ុន្តែត្រូវបន្តប្រកាន់យកវិធានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងវិធានការសុខាភិបាលទាំងឡាយដែលបានដាក់ចេញកន្លងទៅ ហើយទោះបីជាកាតព្វកិច្ចពាក់ម៉ាសមិនត្រូវបានធ្វើតទៅទៀតក្តី។ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា រាជរដ្ឋាភិបាលនៅតែបន្តការលើកទឹកចិត្តសម្រាប់ប្រជាជន សម្រេចចិត្តដោយខ្លួនឯងលើការពាក់ម៉ាស ឬមិនពាក់ម៉ាស។

ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមទទួលយកវ៉ាក់សាំងដូសជំរុញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ សម្ដេចតេជោបានថ្លែងឱ្យដឹងថា ម្សិលមិញនេះក្នុងពេលលៀងសាយភោជន៍ បន្ទាប់ពីសុន្ទរកថារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក សុន្ទរកថារបស់សម្ដេច ក៏ដូចជាសុន្ទរកថារបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួល សម្ដេចក៏ត្រូវបានទទួលនូវការលើកទឹកចិត្តបន្ថែមពីប្រធានាធិបតីសហរដ្ឋអាមេរិក ស្ដីអំពីការផ្គត់ផ្គង់បន្ថែមវ៉ាក់សាំងសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាក្នុងក្របខណ្ឌអាស៊ាន។

ដូច្នេះជាមួយនឹងវ៉ាក់សាំងដែលមានស្រាប់ និងការផ្ដល់ជំនួយជាបន្តបន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន ពីសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដទៃទៀត កម្ពុជាពិតជាពុំមានការខ្វះវ៉ាក់សាំងនោះទេ ហើយកាលពីពេលកន្លងទៅ សម្តេចបានប្រកាសដាក់សិស្ស និស្សិត ប្រមាណជាជិត៤លាននាក់ ចូលទៅក្នុងលំដាប់អាទិភាព ដែលត្រូវបានទទួលយកដូសជំរុញ ដូសទី៤ ។ ដូច្នេះសម្ដេចតេជោ នៅតែបន្តការអំពាវនាវដល់ជនរួមជាតិឱ្យបន្តទទួលយកវ៉ាក់សាំង ហើយនេះគឺជាវ៉ាក់សាំងដើម្បីការពារខ្លួន និងការពារជាតិរបស់យើង ដែលធ្វើឱ្យយើងជម្នះបាននូវរាល់ឧបសគ្គ និងបើកដំណើរការសេដ្ឋកិច្ច-សង្គម ឡើងវិញ ប្រកបដោយនិរន្តរភាព និងចីរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ។

សម្ដេចតេជោ ក៏បានអរគុណជនរួមជាតិ ដែលបានចូលរួមក្នុងចលនានៃការប្រយុទ្ធប្រឆាំងកូវីដ១៩។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់បន្ថែមថា ថ្ងៃនេះ គឺជាការប្រជុំចុងក្រោយ នៃកិច្ចប្រជុំកូំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ហើយថ្ងៃស្អែក ត្រូវនឹងថ្ងៃទី១៤ សម្តេចនឹងចេញដំណើរត្រឡប់មកវិញ ហើយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ សម្ដេចនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ៕

Share This Post: