ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ មិនអនុញ្ញាតឱ្យលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ចូលមកកម្ពុជាឡើយ

    BY Khmernote Media May 17, 2022
    សម្ដេចតេជោ មិនអនុញ្ញាតឱ្យលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ចូលមកកម្ពុជាឡើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសមិនអនុញ្ញាតឱ្យអ្នក ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកលែងការធ្វើចត្តាឡីស័ក នៅពេលចូលដល់ប្រទេសកម្ពុជានោះឡើយ ដើម្បីការពារទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩នេះ ចូលមកកម្ពុជា។

    ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ( TYDA ) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នាមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសំណូមពរមកសម្ដេច ដើម្បីលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ខណៈមានព័ត៌មានថា ប្រទេសវៀតណាម និងប្រទេសថៃ មានបំណងអនុវត្តយ៉ាងដូច្នេះ។

    សម្ដេចតេជោបន្តថា សម្រាប់សម្ដេច គឺមិនអនុញ្ញាតនោះទេ ពីព្រោះកម្ពុជាកំពុងជំរុញការចាក់វ៉ាក់សាំង បែរជាចង់លើកលែងឱ្យអ្នកមិនទាន់វ៉ាក់សាំង ចូលមកកម្ពុជាទៅវិញ។ ម្យ៉ាងទៀត ប្រសិនបើកម្ពុជា ធ្វើយ៉ាងដូច្នេះ គឺនឹងជះឥទ្ធិពលទៅលើប្រទេសដទៃ ដែលកំពុងជំរុញការចាក់វ៉ាក់សាំង។

    « ខ្ញុំគួរតែនិយាយទុកឱ្យហើយ ព្រោះតាមសំណូមពររបស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចង់លើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង។ ឮថាវៀតណាមគេប្រុងធ្វើ ឮថាថៃប្រុងធ្វើ ចំពោះខ្ញុំ ខ្ញុំបានបញ្ជូនសារហ្នឹងទៅឱ្យ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ខ្ញុំផ្ញើទាំងសំឡេងឱ្យទៅ ប៉ុន្តែសម្រាប់ខ្ញុំ គឺអត់យល់ព្រមនោះទេ ឯកទេសចង់ថាម៉េចថាចុះ ព្រោះយើងកំពុងជំរុញគ្នាឱ្យចាក់វ៉ាក់សាំង បែរជាលើកលែងឱ្យអ្នកដែលមិនបានចាក់វ៉ាក់សាំង ដែលយើងបន្ថយពីការធ្វើចត្តាឡីស័ក ១៤ថ្ងៃ មកនៅត្រឹម៧ថ្ងៃ រួចផុតទៅទៀតអ៊ីចឹងមានអ្នកណាចង់ចាក់វ៉ាក់សាំង បន្ថែមលើនោះវាជះឥទ្ធិពលលើប្រទេសនានា ដែលគេកំពុងជំរុញការចាក់វ៉ាក់សាំង ហើយធ្វើឱ្យក្រុមប្រឆាំងចាក់វ៉ាក់សាំងមានឱកាសមកនៅស្រុកខ្មែរតែម្តង។ អ៊ីចឹងខ្ញុំសូមប្រកាសទុកឱ្យហើយ កុំឃើញគេធ្វើ ធ្វើតាមគេទុកឱ្យគេប្រមូលអ្នកអត់ចាក់វ៉ាក់សាំងទៅស្រុកគេចុះ សម្រាប់ស្រុកខ្មែរទទួលតែអ្នកបានចាក់វ៉ាក់សាំងនោះទេ បើអ្នកឯងមិនបានចាក់វ៉ាក់សាំងខ្ញុំត្រូវទុកអ្នកឯង៧ថ្ងៃ។ ចង់វៀតណាមធ្វើឱ្យវៀតណាមគេធ្វើចុះ ចង់ថៃធ្វើឱ្យថៃធ្វើចុះ តែកម្ពុជាមិនអាចប្រមូលយក»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: