Apple នឹងអនុញ្ញាតឱ្យម្ចាស់សេវាកម្ម App គិតប្រាក់បន្ថែមលើអតិថិជនដោយមិនចាំបាច់សួរជាមុន
បច្ចេកវិទ្យា May 17, 2022 lyda

ក្រុមហ៊ុន Apple កាលពីថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ បានប្រកាសថា ម្ចាស់សេវាកម្មកម្មវិធីស្មាតហ្វូន (App) អាចគិតប្រាក់បន្ថែមពីអតិថិជនដោយមិនចាំបាច់សុំការអនុញ្ញាត ដោយបន្ថែមថា «ខ្លួនបន្តកំណត់របារក្នុងការធ្វើឱ្យមានភាពងាយស្រួល និងមានតម្លាភាពសម្រាប់អតិថិជនក្នុងការមើល លុបចោល ឬគ្រប់គ្រងការជាវរបស់ពួកគេ»។ ក្រុមហ៊ុន Apple យល់ថា ការអាប់ដេតថ្មីនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់អាចបន្ដការជួល ឬ subscribe ទៅលើសេវាកម្មណាមួយរបស់ពួកគេ ដោយមិនចាំបាច់បារម្ភថា ពួកគេអាចនឹងភ្លេចបន្ដការជួល ឬថា ពួកគេមិនបានទទួលសារ opt-in ដើម្បីរំលឹកពីការបន្ដជួលរបស់ពួកគេ។

យ៉ាងណាក៏ដោយ ការអាប់ដេតថ្មីនេះមិនមានន័យថា គណនីធនាគាររបស់អតិថិជនត្រូវបានគេកាត់លុយដោយគ្មានប្រណីដៃនោះឡើយ ព្រោះក្រុមហ៊ុន Apple បានពន្យល់ថា ការបន្តជួលដោយស្វ័យប្រវត្តិ (automatic renewal) ជាមួយនឹងការកើនឡើងតម្លៃ អាចកើតឡើងបានតែក្នុងលក្ខខណ្ឌមួយចំនួន ហើយដរាបណាអតិថិជនត្រូវបានជូនដំណឹងជាមុន។ ប៉ុន្តែវានៅតែមានភាពចន្លោះប្រហោងដដែល ដោយសារមិនមែនគ្រប់គ្នាសុទ្ធតែចាប់អារម្មណ៍ជាមួយ៖ អ៉ីមែល ការជូនដំណឹង និងសារណាមួយ សម្រាប់ព័ត៌មានទាក់ទងនឹងការឡើងថ្លៃសេវានោះទេ។

ការផ្លារប្ដូរតម្លៃជួលក៏អាចធ្វើទៅបាន លុះត្រាតែការឡើងថ្លៃមិនលើសពី ៥ ដុល្លារ ឬ ៥០% ពីតម្លៃបច្ចុប្បន្ន សម្រាប់ការប្រើប្រាស់ប្រចាំខែ ឬ ៥០ ដុល្លារ ឬ ៥០% សម្រាប់ការជួលប្រចាំឆ្នាំ, មិនអាចលើសពីម្ដងក្នុងមួយថ្នាំ ហើយត្រូវតែស្របទៅតាមច្បាប់នៅតាមតំបន់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge, Apple