ឃាត់ខ្លួនអ្នកលក់អនឡាញតាមហ្វេសប៊ុក ដែលលក់ខោអាវក្រុមជម្រើសជាតិកម្ពុជា ដោយពុំមានច្បាប់អនុញ្ញាត និងមិនមែនជាផលិតផលផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ កែវ សារ៉េត ភេទប្រុស អាយុ ៦៦ឆ្នាំ ជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបរាប់ថា៖

នៅពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអង្កេតឃើញថាមានជនខិលខូចមួយចំនួនតូច និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ តាម៉ាប់លក់អាវកីឡា (ឈ្មោះ សុខ ចាន់ថន SOK CHANTHORN) និងម្ចាស់ហ្វេសប៊ុកឈ្មោះ POR POE LOVE,POR TRY SPORT ដែលមានយីហោលក់ឈុតកីឡាគ្រប់ប្រភេទ បានបង្ហោះលក់តាមផេក ហ្វេសប៊ុក និងដាក់លក់ខោអាវក្រុមជម្រើសជាតិកម្ពុជាលើទីផ្សារដោយពុំមានច្បាប់អនុញ្ញាត ជាពិសេសមិនមែនជាផលិតផលផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាមួយក្រុមហ៊ុន VARAMAN(វរ្ម័ន)នោះទេ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងលោកបានចាត់តាំងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកដោយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរងស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើប្រតិបត្តិការបង្ក្រាបករណីលក់ដូរសម្លៀកបំពាក់កីឡារបស់ក្រុមហ៊ុនជម្រើសជាតិបាល់ទាត់កម្ពុជា ជាឡូហ្គោក្លែងក្លាយ ស្លាកសញ្ញា FFC នៅចំណុចមុខសណ្ឋាគារសុងតារា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ និងដកហូតសម្លៀកបំពាក់កីឡាជម្រើសជាតិកម្ពុជាដែលមានឡូហ្គោ FFC ជាផលិតផលក្លែងក្លាយចំនួន២៤៩កំប្លេ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ សេង ប៊ុនធី ភេទប្រុស អាយុ៣៥ឆ្នាំ ក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា រូបគេពិតជាបានយកស្លាកសញ្ញា ឡូហ្គោ FFC ដែលជាស្លាកសញ្ញា កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ឱ្យគេបោះពុម្ព យកមកលក់ខ្លួនឯងផង និងចែកចាយឱ្យឈ្មោះ សុខ ចាន់ថន ហៅតាម៉ាប់ និងឈ្មោះ ស្រី ហុងអ៊ូ លក់បន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តទៀតថា មុនឈានដល់ការបង្ក្រាបករណីខាងលើនេះ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ៕













